
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជូនលិខិតតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត ជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយកងកម្លាំងយោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃ ជាពិសេស តំបន់ដែលប្រជាពលរដ្ឋខ្មែរ បាននិងកំពុងរស់នៅជាច្រើនទសវត្សរ៍មកហើយ។
ក្រសួងការបរទេសចាត់ទុកថា «ការរាយបន្លាលួស សំណាញ់ របាំង និងកង់ឡានដោយយោធាថៃ កាលពីខែសីហា ឆ្នាំ២០២៥ នៅចំណុច ភូមិចំនួនពីរ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្កនូវទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនខ្មែរ ជាច្រើនគ្រួសារ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែង និងដីស្រែ ចម្ការរបស់ពួកគេ និងកំពុងទន្ទឹងរង់ចាំដំណោះស្រាយស្ថានភាពនេះ»។
ក្រសួងការបរទេសកម្ពុជា បានបន្ថែមទៀតថា នៅថ្ងៃទី២៦ និង ២៨ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ Wanchana Sawasdee ប្រធានការិយាល័យសម្របសម្រួលបេសកកម្មសន្តិសុខជាតិ ក្រោមការដឹកនាំ ប្រតិបត្តិការយោធានៃកងទ័ពភូមិន្ទថៃ បានប្រកាសជាសាធារណៈនូវឱសានវាទឱ្យកម្ពុជា «ជម្លៀស» ពលរដ្ឋរបស់ខ្លួនចេញពីភូមិជោគជ័យ ក្នុងរយៈពេល៣-៦ខែខាងមុខ បើពុំដូច្នោះទេ នឹងត្រូវប្រឈមមុខពីការបណ្តេញ ចេញដោយការប្រើប្រាស់កម្លាំងពីសំណាក់យោធាថៃ។ ស្របពេលដែលអាជ្ញាធរថៃ បានដំឡើងផ្ទាំងបដាផ្សព្វផ្សាយប្រកាសខាងលើ អភិបាលខេត្តស្រះកែវរបស់ថៃ ក៏បានផ្ញើលិខិផ្លូវការមួយច្បាប់ទៅកាន់អភិបាលខេត្តបន្ទាយមានជ័យ របស់កម្ពុជា ពាក់ព័ន្ធបញ្ហានេះផងដែរ។
ក្រសួងការបរទេស បានបន្ថែមទៀតថា រាល់សកម្មភាពខាងលើ និងផែនការដែលបានប្រកាសក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋថៃ លើតំបន់ដែលពលរដ្ឋខ្មែររាប់រយគ្រួសារ បាននិងកំពុងរស់នៅរាប់ទស្សវត្សរ៍មកនោះ បងឱ្យមានការព្រួយបារម្មយ៉ាងខ្លាំង ស្របនឹងការប៉ុនប៉ងបោះបង្គោលព្រំដែនជាឯកតោភាគី តាមសការប្រើប្រាស់មធ្យោបាយយោធា។ នេះ គឺជាការរំលោភលើអាណត្តិការងាររបស់គណៈកម្មកចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងផ្ទុយពីស្មារតីនៃអនុស្សារណៈយោគយោលឆ្នាំ២០០០ (MOU-2000) ស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈ កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយប្រកបដោយ ស្មារតីមិត្តភាព ចំពោះវីវាទព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបន្តការរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួនថា “ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងបង្ខំនោះទេ”។
រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីថៃរក្សាស្ថានភាពដូចដើម និងចូលរួមដោះស្រាយជម្លោះព្រំដែនខាងលើ តាមរយៈយន្តការ GBC និង JBC ដូចដែលភាគីទាំងពីរឯកភាពគ្នា៕






