2025-09-04 22:18
12

ភ្នំពេញ៖ ក្នុងព្រះរាជហឬទ័យស្រឡាញ់ និងព្រះរាជហឬទ័យទុកដាក់បំផុត ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គជាមន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាអម្ចាស់នៃយើង ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចំនួន ២០ ពាន់ដុល្លារសហរដ្ឋអាមេរិក ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន។

ពិធីប្រគល់ និងទទួលនេះ ត្រូវបានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ដែលទទួលដោយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។

ក្នុងឱកាសប្រគល់ជូនព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ សម្តេចមហាមន្ត្រី គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ បានជម្រាបជូននូវព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គដែលកំពុងបម្រើការងារបោសសម្អាតមីនយ៉ាងយកចិត្តទុកដាក់នៅតាមតំបន់ព្រំដែន។

សម្តេចមហាមន្ត្រី ព្រះរាជតំណាង មានប្រសាសន៍ជម្រាបជូនថា «សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខ និងការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅរបស់កូនចៅ ចៅទួតរបស់ព្រះអង្គ ព្រមទាំងពរជ័យសិរីមង្គលដ៏បវរមហាប្រសើរ ពីអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនមន្ត្រីបោសសម្អាតមីននៅតាមតំបន់ព្រំដែនរបស់កម្ពុជា សូមទទួលបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុងឧត្តម ជូនជាតិមាតុភូមិ»

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា មានសេចក្តីរំភើបរីករាយដោយឥតឧបមា និងសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះមហាករុណាទិគុណដ៏ធ្ងន់បំផុត នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ គឺបានបង្ហាញឲ្យឃើញពីព្រះរាជហឬទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏មហាប្រសើរខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់មន្ត្រីដែលកំពុងអនុវត្តការងារបោសសម្អាតមីនតាមបណ្តោយព្រំដែន។

លោក ហេង រតនា បានថ្វាយព្រះសព្ទសាធុកាពរដ៏បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខុមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នូវជាម្លប់ដ៏ត្រជាក់សុខសាន្តសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជា និងបងប្អូន កូនចៅរបស់ព្រះអង្គជារៀងរហូតតទៅ៕