
ភ្នំពេញ៖ នៅថ្ងៃព្រហស្សតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ គ្រាប់ស្វាយចន្ទីកម្ពុជា ចំនួន ១៤ តោន ដែលត្រូវបានកែច្នៃសម្រេច ១០០ ភាគរយ ពីក្រុមហ៊ុន អ៊ែមភល តាមរយៈការគាំទ្របច្ចេកទេស និងវាយតម្លៃពីក្រុមហ៊ុនដៃគូសហភាពអឺរ៉ុប ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលី ជាលើកដំបូង។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកថា «ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ»។
ក្រសួងកសិកម្ម បានឱ្យដឹងថា ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះ “ស្វាយចន្ទីកម្ពុជា” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា “គ្រាប់ស្វាយចន្ទីខ្មែរ នឹងមានទីផ្សារនាំចេញបន្ថែមទៀតនាពេលអនាគត”៕


