
ថៃ៖ បន្ទាប់ពីព្រះមហាក្សត្រប្រកាសតែងតាំងជានាយករដ្ឋមន្ត្រីថៃទី៣២ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក Anutin Charnvirakul បានថ្លែងអំពីស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានប្រកាសអំពីវិធីសាស្ត្រដោះស្រាយបញ្ហាជម្លោះ តាមរយៈមធ្យោបាយសន្តិវិធី ដើម្បីកាត់បន្ថយការបាត់បង់ និងការរងទុក្ខរបស់ប្រជាជនក្នុងប្រទេសទាំងពីរ។ នេះបើតាមប្រព័ន្ធផ្សាយថៃ Khaosod ចុះផ្សាយនាល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥នេះ។
លោក Anutin បានលើកឡើងថា ទោះជាយ៉ាងណាក៏ដោយប្រទេសថៃត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ដែលថា មិនឱ្យបាត់បង់ទឹកដីរបស់ខ្លួនសូម្បីតែមួយសង់ទីម៉ែត្រការ៉េ។ ប្រជាជនថៃមិនត្រូវជួបការលំបាកហើយត្រូវតែអាចរស់នៅដោយ «សន្តិភាព»។
ជាមួយគ្នានេះ លោក Sihasak Phuangketkeow ដែលជារដ្ឋមន្ត្រីការបរទេសថៃ បាននិយាយជាមួយនាយករដ្ឋមន្ត្រី Anutin នៅទីស្នាក់ការគណបក្ស Bhumjaithai ថា «នាយករដ្ឋមន្ត្រីបានពិគ្រោះយោបល់ជាមួយគាត់អំពីការដោះស្រាយបញ្ហាដោយសន្តិវិធី ខណៈពេលដែលរក្សាបានពេញលេញនូវអធិបតេយ្យភាពរបស់ប្រទេសថៃ»។ លោកបានបញ្ជាក់ថា «នេះជាវិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហាជម្លោះ ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយព័ត៌មានម្អិតបន្ថែមនោះទេ»។
សូមជម្រាបថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើលិខិតអបអរសាទរលោក Anutin ចំពោះមុខតំណែងជានាយករដ្ឋមន្ត្រីថ្មីទី៣២ របស់ថៃ។ នៅក្នុងលិខិតនោះ សម្តេចធិបតីបានបញ្ជាក់ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រី Anutin ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងថៃ ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ កសាងទំនុកចិត្តទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមរបស់យើងរវាងព្រះរាជាណាចក្រទាំងពីរទៅជាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួមគ្នា»៕

_1757301128.jpg)