
KYIV៖ មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតរបស់ខ្លួន លើអ៊ុយក្រែនពេញមួយយប់ ដោយបានដុតបំផ្លាញអគាររដ្ឋាភិបាលសំខាន់នៅកណ្តាលទីក្រុង Kyiv និងបានសម្លាប់មនុស្សយ៉ាងហោចណាស់បួននាក់ រួមទាំងទារកម្នាក់ផងដែរ។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារ រ៉យទ័រ នៅថ្ងៃទី៨ កញ្ញា។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលបានសម្លាប់មនុស្ស ៤នាក់ និងបង្កការខូចខាតនៅទូទាំងភាគខាងជើង ភាគខាងត្បូង និងខាងកើតនៃប្រទេស រួមទាំងទីក្រុង Zaporizhzhia Kryvyi Rih និង Odesa ក៏ដូចជានៅក្នុងតំបន់ Sumy និង Chernihiv ផងដែរ។
ក្នុងស្ថានភាពលំបាកបែបនេះ លោក Zelenskiy បាននិយាយនៅក្នុងការបង្ហោះលើ X ដោយចេញការអំពាវនាវជាថ្មី ទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែនបន្ថែមទៀត។
នេះចាត់ទុកជាប្រវត្តិសាស្រ្តរបស់អ៊ុយក្រែនហើយ ដែលរុស្ស៊ីបើកការវាយប្រហារលើអគាររដ្ឋាភិបាលអ៊ុយក្រែនបែបនេះ។
ផ្សែងយ៉ាងក្រាស់បានអណ្ដែតឡើងទៅលើអាកាសសន្សឹមៗ ពីជាន់ខាងលើដែលកំពុងឆេះនៃអគាររដ្ឋាភិបាលសំខាន់ដែលមានទីតាំងនៅសង្កាត់ Pecherskyi ។
លើសពីនេះ នៅកន្លែងផ្សេងទៀតក្នុងទីក្រុង Kyiv អាផាតមិនដែលជាលំនៅដ្ឋានរបស់ជនស៊ីវិលត្រូវបានវាយប្រហារ និងខូចខាត ដោយអ្នកស្រុករាប់សិបនាក់បានត្រឹមតែយកភួយរុំលើដងខ្លួនពួកគេនិងប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៅខាងក្រៅយ៉ាងគួរឲ្យអាណិត៕
