2025-09-10 11:27
7

ថៃ៖ លោក Maris Sangiampongsa រដ្ឋមន្ត្រីក្រសួងការបរទេសថៃ មុនចាកចេញពីមុខតំណែងកាលពីថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងបាងកកថ្មី ស្តារទំនាក់ទំនងជាមួយប្រទេសកម្ពុជាឡើងវិញ តាមរយៈយន្តការទ្វេភាគី និងដោះស្រាយជម្លោះព្រំដែនតាមរយៈកិច្ចសន្ទនា ព្រោះប្រទេសទាំងពីរនៅតែជាអ្នកជិតខាងគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃអង្គារនេះ

អតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Maris បាននិយាយយ៉ាងដូច្នេះថា «កាលជំនាន់រដ្ឋាភិបាលដឹកនាំដោយលោកស្រី ផែថងថាន ក្រសួងការបរទេសថៃ បានប្រើប្រាស់យន្តការដូចជា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ និងឆ្នាំ២០០១, គណៈកម្មាធិការព្រំដែនរួម (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) ផងដែរ។

អតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានសង្កត់ធ្ងន់ថា «រដ្ឋាភិបាលថ្មីនេះ ក្រោមការដឹកនាំដោយលោក Anutin ជានាយករដ្ឋមន្ត្រី ត្រូវផ្តោតលើការស្តារទំនាក់ទំនងជាមួយកម្ពុជាឲ្យបានល្អប្រសើរឡើងវិញ»។

ចំពោះកិច្ចការចរចារព្រំដែនកម្ពុជា-ថៃ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ក្នុងសារបង្ហោះលើបណ្តាញសង្គមផ្លូវការ កាលពីថ្ងៃអង្គារម្សិលមិញថា «កម្ពុជានៅតែប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ»៕