
ថៃ៖ ក្រោយការសម្រេចរបស់តុលាការកំពូល តម្រូវឱ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាប់គុក១ឆ្នាំ លោក ថាក់ស៊ីន បានប្រកាសទទួលយកសេចក្ដីសម្រេចនេះ ដើម្បីបន្តការអនុវត្តទោសក្នុងពន្ធនាគារតាមកំណត់នៅក្នុងសំណុំរឿងការស្នាក់នៅមន្ទីរពេទ្យជំនួសឲ្យការជាប់ពន្ធនាគារ។
លើតាមបណ្តាញសង្គមផ្ទាល់ខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានថ្លែងអំណរគុណចំពោះការលើកលែងទោសពីព្រះមហាក្សត្រ ដែលបានកាត់បន្ថយទោសរបស់លោកពី៨ឆ្នាំ មកនៅត្រឹម១ឆ្នាំ ដោយលោកបានអះអាងថា «បានត្រៀមខ្លួនរួចជាស្រេចក្នុងការគោរពតាមនីតិវិធីច្បាប់ និងការសម្រេចរបស់តុលាការកំពូល»។
លោកបានរំលឹកពីតួនាទីរបស់លោកកាលពីលោកជានាយករដ្ឋមន្ត្រីថៃ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ដោយកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងការជំរុញការប្រកួតប្រជែងនយោបាយផ្អែកលើគោលនយោបាយ។
មហាសេដ្ឋរូបនេះ ក៏បានបញ្ជាក់ទៀតថា «បើទោះបីជាលោកនឹងបាត់បង់សេរីភាពខាងកាយសម្បទាក៏ដោយ លោកនៅតែរក្សាសេរីភាពនៃការគិតហើយមានបំណងលះបង់ពេលវេលាដែលនៅសេសសល់របស់លោក ដើម្បីបម្រើព្រះមហាក្សត្រ ប្រទេសជាតិ និងប្រជាជនថៃ»៕
