2025-09-09 11:26
21

ឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានពន្យារពេលសវនាការ ដើម្បីកំណត់ការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដោយលើកឡើងពីតម្រូវការ ដើម្បីវាយតម្លៃថាតើបុរសវ័យ៨០ឆ្នាំរូបនេះ សមនឹងអនុវត្តតាមនីតិវិធីមុនការកាត់ក្តីដែរឬទេ។

សូមជម្រាបថា លោក Duterte ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនា និងផ្ទេរទៅកាន់ទីក្រុងឡាអេ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតជុំវិញ «សង្គ្រាមប្រឆាំងគ្រឿងញៀន» ដ៏បង្ហូរឈាមរបស់គាត់ក្នុងអំឡុងពេលដែលជនសង្ស័យលក់ និងប្រើប្រាស់ថ្នាំញៀនរាប់ពាន់នាក់ ត្រូវបានសម្លាប់។ លោក Duterte បានច្រានចោលការចាប់ខ្លួនលោកថាជារឿងខុសច្បាប់ ហើយបានពណ៌នាថាជាការចាប់ជំរិត។

តុលាការបានកំណត់ពេលសវនាការបញ្ជាក់ការចោទប្រកាន់នៅថ្ងៃទី២៣ ខែកញ្ញា ប៉ុន្តែចៅក្រមកាលពីថ្ងៃចន្ទទី០៨ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាឲ្យពន្យារពេល ដោយនិយាយថា ដំណើរការនឹងត្រូវផ្អាក ដើម្បីកំណត់ថាតើលោក Duterte សមនឹងតាមដាន និងចូលរួមក្នុងដំណើរការមុនជំនុំជម្រះឬអត់។

មេធាវីការពារក្តី លោក Duterte បានស្វែងរកការពន្យារពេលក្នុងខែសីហា ដោយអះអាងថា «អតីតមេដឹកនាំរូបនេះ មានសុខភាពមិនល្អ» ទោះបីជាព័ត៌មានលម្អិតនៃស្ថានភាពរបស់គាត់មិនត្រូវបង្ហាញជាសាធារណៈក៏ដោយ៕