
យោធាប៉ូឡូញបាននិយាយនៅព្រឹកថ្ងៃពុធទី១០ ខែកញ្ញានេះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៉ី ដែលរំលោភលើដែនអាកាសរបស់ខ្លួន ក្នុងអំឡុងពេលការវាយប្រហារលើប្រទេសអ៊ុយក្រែន នេះជាលើកដំបូងដែលប៉ូឡូញចាត់វិធានក្ដៅគគុកនេះ ចំពោះទង្វើដ៏កឃ្លើនរបស់រុស្ស៉ី ជាការញុះញង់យ៉ាងធ្ងន់ធ្ងរសម្រាប់កងកម្លាំងអឺរ៉ុប និងណាតូ។ ហើយក៏ជាទង្វើនៃការឈ្លានពានដែលបង្កការគំរាមកំហែងយ៉ាងពិតប្រាកដដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋប៉ូឡូញ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។
នាយករដ្ឋមន្ត្រី ដូណាល ថូសន៍ ( Donald Tusk ) បានព្រមាននូវសកម្មភាពបំពាន របស់រុស្ស៉ីច្រើនលើកច្រើនសារលើដែនអាកាសប៉ូឡូញ ទើបយោធារបស់ខ្លួនធ្វើការឆ្លើយតបដោយបាញ់ទំលាក់តែម្ដង។
ប៉ូឡូញ គឺជាប្រទេសសមាជិកសម្ព័ន្ធមិត្តណាតូ ហើយយោងតាមសន្ធិសញ្ញាការពារជាតិ ដែលបង្កើតឡើងជាមួយសហរដ្ឋអាមេរិក ការវាយប្រហារលើសម្ព័ន្ធមិត្តណាមួយ គឺស្មើនិងការវាយប្រហារលើសម្ព័ន្ធមិត្តអង្គការណាតូទាំងមូល ។
ប៉ូឡូញនិយាយថា "ខ្លួនបានដាក់ពង្រាយអាវុធត្រៀមរួចរាល់ ដើម្បីធ្វើការឆ្លើយតបនិងសកម្មភាពឈ្លានពានរបស់រុស្ស៉ី និងបានជំរុញណែនាំឱ្យពលរដ្ឋប៉ូឡូញ ស្នាក់នៅក្នុងផ្ទះបើមិនមានការចាំបាច់កុំចេញក្រៅផ្ទះ។ បន្ទាប់ពីការគម្រាមគំហែងដោយដ្រូនរបស់រុស្ស៉ីចូលលុកលុយក្នុងទឹកដីប៉ូឡូញ អាជ្ញាធរប៉ូឡូញប្រកាសបិទអាកាសយានដ្ឋានអន្តរជាតិ វ៉ាសរ ( Warsaw ) និងជើងហោះហើរបន្ទាន់នៃយន្តហោះប៉ូឡូញ និងណាតូ ។
សេចក្ដីទុកចិត្តនិងភាពជឿជាក់លើកិច្ចព្រមព្រៀងរបស់អឺរ៉ុប ត្រូវបានរង្គោះរង្គើ ក្រោមប្រធានាធិបតីអាមេរិក Donald Trump រួមជាមួយសមាជិកគណៈរដ្ឋមន្ត្រីសំខាន់ៗបានអំពាវនាវឱ្យអឺរ៉ុបនាំមុខគេក្នុងវិស័យការពារជាតិរបស់ខ្លួន។
ទង្វើយ៉ាងគឃ្លើនរបស់រុស្ស៉ី នៃការលុកលុយដោយប្រើយន្តហោះគ្មានមនុស្សបើក កើតឡើងជាបន្តបន្ទាប់ ក្រោយលោក Trump ចេញមុខសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោក អានឌ្រី ស៊ីប៊ីហា ( Andrii Sybiha ) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បាននិយាយនៅក្នុងលើសង្គម X ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងតែចង់ «សាកល្បងជាមួយលោកខាងលិច»ហើយតើ។ ការរំលោភបំពានម្តងហើយម្តងទៀតនៃដែនអាកាសរបស់សម្ព័ន្ធមិត្តអង្គការណាតូ ដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ទំនងជាលោក វ្ល៉ាឌីមៀ ពូទីន កំពុងសាកល្បងការប្តេជ្ញាចិត្តរបស់ណាតូ ដើម្បីការពារប៉ូឡូញ និងប្រទេសបាល់ទិកហើយមើលទៅ ។ ប៉ូឡូញ ប្រកាសបិទព្រំដែនជាមួយសម្ព័ន្ធភាព រុស្ស៊ី និង បេឡារុស ខណៈដែលប្រទេសទាំងពីរនេះធ្វើសមយុទ្ធយោធារួមគ្នារ ៕



