
ថៃ៖ គណបក្សភឿថៃបានប្រកាសថាត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការបោះឆ្នោតសកលនាអាណតិក្រោយនេះ ដោយកំពុងឆ្ពោះទៅមុខក្នុងការពង្រឹងមូលដ្ឋានរបស់ខ្លួន រៀបចំបេក្ខជនគ្រប់មណ្ឌលបោះឆ្នោត និងរៀបចំគោលនយោបាយរួចរាល់សម្រាប់ការអនុវត្ត។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod ។
កាលពីថ្ងៃទី9 ខែកញ្ញា ឆ្នាំ2025 គណបក្សភឿថៃបានបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន និងសមាជិកសភា ដែលដឹកនាំដោយលោកស្រី Paetongtarn Shinawatra ដែលជាប្រធានគណបក្ស។
លោក ដានូផន ( Danuphorn Punnakant ) អ្នកនាំពាក្យគណបក្សភឿថៃ និងជាតំណាងរាស្រ្តក្នុងបញ្ជីគណបក្សបានបង្ហើបថា កិច្ចប្រជុំនេះបានចាប់ផ្តើមដោយបរិយាកាសគាំទ្រ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលលើសំណុំរឿងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលថ្ងៃទី០៩ កញ្ញាម្សិលមិញនេះ ។
អ្នកស្រី Paetongtarn បានលាតត្រដាងក្នុងជំនួបនោះដែរថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលយកសេចក្តីសម្រេចរបស់តុលាការ ដើម្បីបញ្ចប់ការចោទប្រកាន់ផ្សេងៗ ហើយបានស្នើឱ្យលោកស្រីដឹកនាំគណបក្សភឿថៃឆ្ពោះទៅមុខដោយភាពរឹងមាំ។
បក្សភឿថៃបានត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ គណបក្សបានកំណត់ពេលវេលា និងផែនការបង្កើតគណៈកម្មការផ្សេងៗ ដូចជាគណៈកម្មាធិការជ្រើសរើសបេក្ខជន និងគណៈកម្មាធិការរៀបចំគោលនយោបាយជាដើម រួមទាំងមានការចូលរួមពីអតីតរដ្ឋមន្ត្រី និងបុគ្គលិកគណបក្សដែលមានបទពិសោធន៍ នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងពង្រឹងគណបក្សភឿថៃឡើងវិញ។ គណបក្សភឿថៃរំពឹងថា នឹងអាចគៀងគរប្រមូលផ្ដុំបេក្ខជនសម្រាប់មណ្ឌលបោះឆ្នោតទាំង ៤០០ នៅពាក់កណ្តាលខែក្រោយនេះ។
ដោយបានបញ្ជាក់ថា ទាក់ទិននឹងការងារក្នុងសភា មេបក្សបានជំរុញឱ្យសមាជិកសភាបំពេញតួនាទីជាបក្សប្រឆាំងដោយកម្លាំង និងចូលរួមពិចារណាលើច្បាប់សំខាន់ៗក្នុងសភាដែលនឹងផ្តល់ផលប្រយោជន៍ដល់សាធារណជន។
ចំពោះបញ្ហាចោទ ដែលលើកឡើងនូវក្ដីព្រួយបារណ៍ អ្នកដែលមិនបានបោះឆ្នោតឲ្យនាយករដ្ឋមន្ត្រីស្របតាមដំណោះស្រាយរបស់បក្ស គណបក្សភឿថៃមានច្បាប់វិន័យនៅត្រង់ចំនុចនេះរួចហើយ និងមានគណៈកម្មាធិការក្រមសីលធម៌នឹងត្រូវចាត់តាំងឱ្យពិចារណានូវវិធានការ អនុវត្តន៍វិន័យនេះ។
លោក ដានូផន បានបញ្ជាក់ថា គណបក្សមិនអាចបង្ខំសមាជិកសភា ណាមួយលើសពី 110រូប ឱ្យឈរឈ្មោះក្រោមឈ្មោះគណបក្សបានឡើយ។ លោកក៏បានកត់សម្គាល់ថា ប្រសិនបើសភាត្រូវរំលាយ រដ្ឋធម្មនុញ្ញតម្រូវឱ្យមានការបោះឆ្នោតជាថ្មីក្នុងរយៈពេល ៤៥ ទៅ ៦០ ថ្ងៃ។ ដូច្នេះគណបក្សកំពុងរៀបចំការបោះឆ្នោតនៅពេលនេះ ដើម្បីធ្វើការ សម្រេចចិត្តចំពោះសមាជិក ថាតើមានការផ្លាស់ប្តូរចិត្តពីបក្សភឿថៃ ហើយចង់រត់ទៅចុះចូលជាមួយបក្សផ្សេងដែររឺទេ ? ដោយមិនមានការបង្ខិតបង្ខំនៅឡើយ។ លោកបានបន្ថែមថា លោកស្រី Paetongtarn បានបង្ហាញការត្រៀមខ្លួនចំពោះសមាជិកសភាក្នុងកិច្ចប្រជុំដោយប្រកាសថាគណបក្សត្រៀមខ្លួនឆ្ពោះទៅរកការបោះឆ្នោត។ លោកស្រី Paetongtarn ប្រកាសនៅជំហរថាត្រៀមខ្លួនជាកម្លាំងដ៏សំខាន់ ក្នុងការដឹកនាំគណបក្សភឿថៃ ឈានទៅបោះឆ្នោតខាងមុខ ។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថានិងទទួលជ័យជំនៈ នូវអាសនៈសមាជិកសភាច្រើនជាងគេ អំពីលទ្ធផលនៃការបោះឆ្នោ និងបានសង្កត់ធ្ងន់ទៀតថាសម្រាប់ពេលនេះ ការផ្តោតសំខាន់ គឺទៅលើការរៀបចំប្រព័ន្ធជ្រើសរើសបេក្ខជន និងបង្កើតគោលនយោបាយដឹកនាំគណបក្ស ឈានឆ្ពោះក្នុងការបោះឆ្នោតខាងមុខនេះ ។


