
លោក Charlie Kirk មនុស្សជំនិតរបស់បុរសមហាអំណាចអាមេរិក លោក ដូណាល់ ត្រាំ ជាសកម្មជននយោបាយអភិរក្សនិយម និងជាសហស្ថាបនិកនៃ Turning Point USA ត្រូវបានសម្លាប់ខណៈពេលកំពុងនិយាយនៅក្នុងព្រឹត្តិការណ៍មួយ នៃបរិវេណសាលាក្នុងសាកលវិទ្យាល័យ Utah Valley ។ នេះបើយោងតាមការចេញផ្សាយដោយ CNN។
បន្ទាប់ពីការលបបាញ់ប្រហារនេះ លោក ត្រាំ បានបង្ហាញពីការសោកស្ដាយយ៉ាងខ្លាំង និងបាននិយាយថា "នេះគឺជាពេលវេលាដ៏ខ្មៅងងឹតមួយសម្រាប់អាមេរិក"។
បន្ថែមពីនោះប្រធានាធិបតីរូបនេះ ក៏បានកាន់ទុក្ខនិងបានបញ្ជាឲ្យទម្លាក់ទង់ជាតិអាមេរិកពាក់កណ្ដាលដងទង់ជាតិរហូតដល់ថ្ងៃទី ១៤ ខែ កញ្ញា ទៀតផង។
ក្រោយព្រឹត្តិការណ៍ដ៏រន្ធត់នេះបានកើតឡើង ប្រជាជនអាមេរិកបានបង្ហាញពីការភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំង ដែលបានបាត់បង់បុរសដែលលេចធ្លោម្នាក់របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ឲ្យដឹងថា សាកលវិទ្យាល័យ Utah Valley ជាកន្លែងដែល លោក Charlie Kirk ត្រូវបានគេបាញ់សម្លាប់ ដែលមានទីតាំងនៅ Orem និងជាសាកលវិទ្យាល័យសាធារណៈដ៏ធំបំផុតនៅក្នុងរដ្ឋ។
ក្រោយព្រឹត្តិការណ៍ដ៏សោកសៅនេះបានកើតឡើង ភ្លាមៗសាលាត្រូវបានបិទ ហើយថ្នាក់រៀនត្រូវបានលុបចោល។
ខណៈនេះ ក្រុមមន្រ្តីជំនាញកំពុងស៊ើបអង្កេតបន្តជុំវិញករណីខាងលើ ក្រោយពីការដោះលែងជនសង្ស័យម្នាក់បន្ទាប់ពីការសួរចម្លើយ និងរកឃើញថាជនម្នាក់នោះគ្មានជាប់ទាក់ទងជាមួយនឹងករណីឃាតកម្មនេះ៕

