
ថៃ៖ ឡានដឹកទាហានថៃមួយគ្រឿង មានបញ្ហាហ្វ្រាំងបានរអិលក្រឡាប់ធ្លាក់ចូលជ្រោះជ្រៅ បណ្ដាលឲ្យមនុស្ស ៨នាក់រងរបួស ស្ថិតនៅក្នុងភូមិលេខ១៦ ឃុំណាថាវី ស្រុកណាថាវី ខេត្តសុងក្លា ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ Khaosod ។
ឧប្បទ្ទវហេតុខាងលើ កើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បញ្ហាកើតឡើងដោយសារឡានចាប់ហ្វ្រាំងមិនស៊ី ទើបបណ្តាលឲ្យបាត់បង់ការគ្រប់គ្រង និងធ្លាក់ចូលទៅក្នុងជ្រោះមួយចំហៀងផ្លូវតែម្ដង។
ម្យ៉ាងវិញទៀត ផ្លូវដែលឡានដឹកទាហានខាងលើធ្វើដំណើរ ជាផ្លូវដែលចោទ និងកោង រួមទាំងមានជ្រោះជ្រៅតាមបណ្តោយទាំងមូលទៀតផង។ ជាលទ្ធផលនៃឧបទ្ទវហេតុនេះ ទាហានសរុបចំនួន ៨ នាក់បានរងរបួស ក្នុងនោះ ៦ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលរួចហើយ។
ក្រោយកើតហេតុ គេសន្និដ្ឋានថា មូលហេតុគឺមកពីផ្លូវមិនច្បាស់ គួបផ្សំនឹងការប្រញាប់ប្រញាល់ទៅជួយក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមផ្តាច់ខ្លួនថៃ-ម៉ាឡេមូស្លីម នៅស្រុក Saba Yoi ខេត្ត Songkhla ទើបបានជាបណ្ដាលឲ្យឡានដឹកទាហានថៃខាងលើនេះ ជួបឧប្បទ្ទហេតុបែបនេះតែម្ដងទៅ៕

