2025-09-11 10:44
17

NANTES/PARIS៖  ភាពវឹកវរតាមបណ្ដាប្រទេសហាក់បីកើតមានផ្ទួនៗ ក្នុងពិភពលោក គួរឲ្យមានការព្រួយបារម្មណ៍ដូចជាប្រទេសនេប៉ាល និងបារាំងជាដើម ។ 

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters  នៅថ្ងៃទី១០ ខែកញ្ញានេះថា   ក្រុមបាតុករជិត ២00,000 នាក់នៅទូទាំងប្រទេសបារាំងបាននាំគ្នាបិទផ្លូវហាយវេ ដុតរបាំងការពារ និងប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលិសកាលពីថ្ងៃពុធនេះ ដើម្បីប្រឆាំងតវ៉ាចំពោះការមិនពេញចិត្តនឹងប្រធានាធិបតី Emmanuel Macron បន្ទាប់ពីកាត់បន្ថយកញ្ចប់ចំណាយរបស់រដ្ឋាភិបាលចំនួន ៤៤ ពាន់លានអឺរ៉ូ (៥២ ពាន់លានដុល្លារ) ។

តាមការរាយការណ៍ពីភ្នាក់ងារ រ៉យទ័រ នៅថ្ងៃទី១១ កញ្ញា នេះបានឲ្យដឹងថា អាជ្ញាធរបានដាក់ពង្រាយសន្តិសុខជាង ៨0,000 នាក់ នៅទូទាំងប្រទេសបារាំង ដើម្បីត្រៀមធ្វើការទប់ស្កាត់ភាពចលាចល បង្កឲ្យមានភាពអសន្តិសុខណាមួយកើតមានឡើងជាយថាហេតុ។ 

ខណៈដែលភាពតានតឹងបានផ្ទុះឡើងនៅកន្លែងជាច្រើន បន្ទាប់ពីក្រុមបាតុករបានធ្វើការរុះរើរបាំងការពារ  ហើយក្រុមប៉ូលីសបានធ្វើការបាញ់ទឹក និងប្រើឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករដើម្បីបំបែកហ្វូងមនុស្សដែលប្រមូលផ្ដុំ ក្នុងនោះមនុស្សជិត២00 នាក់ ត្រូវបានចាប់ឃុំខ្លួននៅរដ្ឋធានីផងដែរ។

ភាពវឹកវរនេះបានផ្ទុះឡើង នៅថ្ងៃដែល លោក សេបាស្ទៀន លេកនូ (ជាសមាជិកបក្សអភិរក្ស) ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បន្ទាប់ពីនាយករដ្ឋមន្ត្រីមុនត្រូវសភាបណ្តេញចេញ ដោយសារគម្រោងកាត់បន្ថយថវិកាលើការចំណាយសារធារណៈ  ។

គួរបញ្ជាក់ថាប្រទេសបារាំងកំពុងស្ថិតក្រោមសម្ពាធក្នុងការកាត់បន្ថយឱនភាពថវិកា ដែលមានកម្រិតជិតទ្វេដងនៃកម្រិតអតិបរមា ៣% របស់សហភាពអឺរ៉ុប ហើយក៏មានបំណុលសរុបស្មើប្រហែល ១១៤% នៃ GDP ផងដែរ៕