
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃនាពេលកន្លងមកថា «កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ»។
អ្នកនាំពាក្យក្រសួងការពារជាតិបានចាត់ទុកថា នេះគឺជាការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះ មិនត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។
ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា «កម្ពុជាមិនបានបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពថៃដូចការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ និងសូមស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីកម្ពុជា-ថៃ បានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ»។
ក្រសួងការពារជាតិ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ក៏ដូចជាការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់ការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានមកទល់ពេលនេះ ក្នុងនោះរួមទាំងកំណត់ហេតុរួម នៃកិច្ចប្រជុំទាំងអស់របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលត្រូវបានប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការឯកភាពគ្នាលើលក្ខខណ្ឌ នៃបទឈប់បាញ់ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ៕


