
ភ្នំពេញ៖ ក្នុងលិខិតផ្ញើជូនចំពោះ លោក Sébastien LECORNU (សេបាស្យៀង ឡឺក័រនុយ) នាឱកាសតែងជានាយករដ្ឋមន្ត្រីថ្មីបារាំង សម្តចតេធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា វត្តមានរបស់លោក Sébastien LECORNU នឹងផ្តល់នូវសន្ទុះថ្មីបន្ថែមទៀត ចំពោះទំនាក់ទំនងកាន់តែជិតស្និត និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ កម្ពុជា-បារាំង។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការតែងតាំង លោក Sébastien LECORNU ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង នៅពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។
តាមរយៈលិខិតនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកថា ការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់លោក និងផ្តល់ទស្សនៈវិស័យថ្មីៗក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដោយឈរលើប្រវត្តិសាស្ត្រ និងតម្លៃរួម។
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ កម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗ ខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។
ក្នុងបរិបទនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា «លោកនាយករដ្ឋមន្ត្រីបារាំងថ្មី Sébastien LECORNU នឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា»។
សូមបញ្ជាក់ថា លោក Sébastien Lecornu ជារដ្ឋមន្ត្រីការពារជាតិ ហើយត្រូវបានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ប្រកាសតែងតាំងជានាយករដ្ឋមន្ត្រីថ្មីបារាំង កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយសភាបារាំងបានដកទំនុកចិត្តពីលោកនាយករដ្ឋមន្ត្រី ហ្វ្រង់ស័រ បៃរូ៕

