2025-09-15 11:36
3

សីហនុ៖ ឧក្រិដ្ឋជនក្នុងករណីចាប់ជំរិតទាប្រាក់ ចំនួន ០៣ នាក់ ក្នុងចំណោមបក្ខពួកសរុប ០៥ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ធ្វើការបង្ក្រាប និងឃាត់ខ្លួននាំយកទៅសាកសួរ ដើម្បីបញ្ជូនកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

តាមប្រភពបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង០០នាទីព្រឹក ស្ថិតនៅ ចំណុច «JR Bar» ក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីចាប់មនុស្សជំរិតទារប្រាក់ ដែលបង្កដោយជនសង្ស័យ ចំនួន ០៥ នាក់ ចាប់ជនរងគ្រោះ ចំនួន ០១ នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន ចូលក្នុងរថយន្ត ០១ គ្រឿង ម៉ាក GS-300 ពណ៌ស វាយគំរាមជនរងគ្រោះយកប្រាក់ ចំនួន ១,៤០០ ដុល្លារអាមេរិក និងទូរសព្ទ ០១ គ្រឿង ម៉ាក IPhone 16 Pro Max ព្រមទាំងនិយាយគំរាមជនរងគ្រោះថា “២ថ្ងៃក្រោយត្រូវយកប្រាក់ឱ្យពួកគេ ចំនួន ១០,០០០ ដុល្លារអាមេរិកទៀត”។ 

តាមប្រភពបានបន្តទៀតថា ក្រោយកើតហេតុប្រមាណជាង ១ម៉ោង នៅវេលាម៉ោងប្រហែល ០៨និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានយកជនរងគ្រោះមកទម្លាក់ចោលនៅតំបន់ «ឆាយណា ថោន» ហើយជនសង្ស័យក៏បានបើករថយន្តគេចខ្លួនបាត់។ លុះក្រោមមកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីស្វែងរកជនសង្ស័យ។ 

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវពន្លាតដែនដី នៅម៉ោងប្រហែល២៣និង៥៥នាទីយប់ ថ្ងៃដដែល ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមបន្តពន្លាតសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ ចំនួន ០២នាក់បន្ថែមទៀត ដើម្បីយកទៅសួរនាំតាមនិតិវិធី។ 

បច្ចុប្បន្ន សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ សរុបចំនួន ០៣ នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន។ ចំណែកបក្ខពួកនៅសេសសល់ ចំនួន ០២នាក់ទៀត សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកបន្ត៕