
ភ្នំពេញ៖ កងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារ ដោយគ្រាប់កាំភ្លើងដៃ កាំភ្លើងត្បាល់ បាញ់ផ្លោងដាក់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ។ ខណៈពេលនេះ កងកម្លាំងប្រដាប់អាវុធប្រុងជើងការ និងត្រៀមលក្ខណៈគ្រប់គ្រាន់រួចជាស្រេច ដើម្បីការពារបូរណភាព និងអធិបតេយ្យរបស់កម្ពុជា។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថា «នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១និង៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ»។
«នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី»។ លោកស្រីឧត្តមសេនីយ៍ក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែម។
បើតាមសអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានលើកឡើងថា កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា៕
