
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា លើកទី១ យោធាថៃបានចាប់ផ្តើមបាញ់ប្រហារ នៅម៉ោង ១១និង៥២នាទី ដល់ម៉ោង ១២និង២២នាទី និងលើកទី២ ចាប់ផ្តើមបាញ់ប្រហារ នៅម៉ោង ១២និង២៥នាទី ដល់ម៉ោង ១២និង៤៦នាទី។
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងហេតុការណ៍ដែលយោធាថៃ បានបង្កខាងលើកងកម្លាំងរបស់កម្ពុជា មិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលចូលជាធរមាននៅម៉ោង ២៤និង០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។ កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចៃយ៉ា ក្រោមកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេន និងការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលរហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានរយៈពេល៦០ថ្ងៃហើយ។
ក្រសួងការពារជាតិ គូសបញ្ជាក់ថា «ការវិវត្តន៍នៃស្ថានការណ៍នៅជួរមុខ ចាប់តាំងពីម៉ោង ១២និង៤៦នាទីរសៀល មកដល់ម៉ោង ១៨និង៣០នាទីនេះ តាមការផ្តល់ស្ថានភាពមានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីខាងយោធាថៃបានបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា និងបានបង្កឱ្យខូចខាតសំណង់មួយចំនួន»។ ជាមួយគ្នានេះ កងកម្លាំងរបស់យើងបាននឹងបន្តតាមដានសភាពការណ៍ ដោយប្រុងប្រយ័ត្នលើការវិវត្តន៍នេះយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត និងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន។
កងកម្លាំងរបស់កម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នា ដោយស្មារតីស្ថាបន និងស្មោះត្រង់៕