
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី ដាក់លិខិតតវ៉ាប្រឆាំងនឹងរដ្ឋបាលខេត្តស្រះកែវ ក្នុងករណីលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រកាសថានិងអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជា រស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមតវ៉ាប្រឆាំងដាច់អហំការចំពោះ សកម្មភាពដដែលៗ នៃការលើកបដា និងខ្លឹមសារប្រកាសរបស់រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានកំពុងរស់នៅ អាស្រ័យផលក្នុងភូមិទាំងពីរនេះ តាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមាន។ ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ ថារដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់ ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាននិងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU 2000), កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាង បានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។
សកម្មភាពដដែលៗរបស់ថៃ គឺជាការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើន ឡើងនៅតំបន់ដែលកំពុងមានជម្លោះ និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ព្រមទាំងជាការរំលោភបំពានយ៉ាងជាក់ស្តែងលើកំណត់ហេតុកិច្ចប្រជុំពិសេស លើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាព ដែលធ្វើឱ្យខូចដល់ការជឿទុកចិត្ត គ្នាទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំ បង្កើនភាពតានតឹងនៅតាមព្រំដែន ឬពង្រីកវិសាល ភាព និងទំហំនៃជម្លោះ ជាពិសេសរំលោភចំណុច៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC លើកទី១ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកបន្ទាយមានជ័យ ទល់មុខ ភូមិណងចាន់ ស្រុកឧកស្ទឹង ខេត្តស្រះកែវ ភាគីទាំងពីរបានព្រមព្រៀងគ្នាដូចខាងក្រោម៖
១. ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការ ដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់នៃគណៈកម្មការចំរុះព្រំដែន (JBC)។
២.ភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាម លទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យរដ្ឋបាលខេត្តស្រះកែវចូលរួមផ្តល់កិច្ចសហការចាត់ វិធានការបញ្ឈប់នូវសកម្មភាពខាងលើជាបន្ទាន់ដោយរក្សានូវស្ថានភាពដើម។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាងមុតមាំថាខេត្តស្រះកែវប្រកាន់ខ្ជាប់ដោយសុទ្ធចិត្ត នូវលក្ខខណ្ឌបទឈប់បាញ់ និងបញ្ឈប់នូវ ផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញពីផ្ទះសំបែង ដីធ្លីដែលពលរដ្ឋខ្មែរបានរស់នៅជាច្រើនទសវត្សរ៍មកហើយ និងសូមអត់ធ្មត់រង់ចាំការដោះស្រាយរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃធ្វើការបញ្ចប់លើកិច្ចការខណ្ឌសីមាព្រំដែន៕




