
ភ្នំពេញ៖ ដើម្បីបកនូវស្រាយចំងល់មហាជន ដែលតែងតែលើកជាសំណួរថា តើធ្វើយ៉ាងម៉េចបានដឹងថា ជាគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ និងគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ!? ពាក់ព័ន្ធនឹងសំណួរដ៏សំខាន់នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា «ស៊ីម៉ាក់» បានពន្យល់អំពីលក្ខណៈបច្ចេកទេសមិនដូចគ្នាឡើយ ព្រោះគ្រាប់ទាំងនោះមានលេខកូដសម្គាល់ ខែឆ្នាំផលិត ឬប្រទេស/ក្រុមហ៊ុនផលិតត្រឹមត្រូវ។
បើផ្អែកតាមលក្ខណៈបច្ចេកទេសមានចំណុចវិភាគសំណាកជាច្រើន អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា សុំមិនធ្វើការបកស្រាយលំអិតក្នុងវាទិកានេះទេ ប៉ុន្តែលោកបានលើកយកចំណុចសង្ខេបខ្លីមកបញ្ជាក់ថា៖ «គ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬគ្រាប់កាំភ្លើងធំក្តី សុទ្ធតែមានលេខកូដសម្គាល់ ខែឆ្នាំផលិត ឬប្រទេស/ក្រុមហ៊ុនផលិត បន្ថែមលើសនេះ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពអង្គភាព CMAC ក្នុងការធ្វើការសិក្សាស្រាវជ្រាវព័ត៌មាន និងរៀបចំទិន្នន័យការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ ដោយមានកំណត់ត្រាព័ត៌មានពាក់ព័ន្ធការទម្លាក់គ្រាប់បែកពីយន្តហោះ ដូចជាកាលបរិច្ឆេទ ប្រភេទយន្តហោះ និងចំណុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរ»។
លោក ហេង រតនា បានបញ្ជាក់ថា «ប្រការដូចខាងលើនេះ ជាលក្ខណៈបច្ចេកទេសគ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ»៕



