
ភ្នំពេញ៖ យោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយទីក្រុងបាងកក បានចុះផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះថា កងទ័ពជើងទឹកថៃ បានបន្តការវាយកម្ទេចផ្ទះ ចំនួន ០៣ ខ្នង របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយចោទប្រកាន់ថា «ពលរដ្ឋខ្មែរសាងសង់រំលោភលើអធិបតេយ្យភាពថៃ» ក្នុងស្រុកមឿងត្រាត ខេត្តត្រាត។
ពាក់ព័ន្ធនឹងការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃខាងលើនេះ ត្រូវបានអង្គភាពកងការពារព្រំដែន នៃយោធភូមិភាគទី៥ បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា «ការផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនថា មានការប្រើប្រាស់កម្លាំងយោធាថៃចុះរុះរើផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គឺមែនមែនជាការពិតនោះទេ។ ដូច្នេះ សូមសាធារណជនមេត្តាកុំចែករំលែក និងផ្សព្វផ្សាយបន្តនូវព័ត៌មាននេះនាំឱ្យមានការយល់ច្រឡំ»។
ប្រភពដដែលបានបញ្ជាក់ថា «កងទ័ពយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ដែលឈរជើងតាមបណ្តាញព្រំដែន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត»។
ជុំវិញករណីនេះ តាមប្រភពគួរឱ្យទុកចិត្តបានឱ្យដឹងថា អង្គភាពការពារព្រំដែនលេខ ៥០១ នៃយោធភូមិភាគទី៥ របស់កម្ពុជាបានឆ្លើយតបជាផ្លូវការចំពោះសំណើរបស់កងកម្លាំងដែនសមុទ្រខេត្តត្រាត របស់ថៃ ដោយយល់ព្រមរុះរើផ្ទះ ០១ ខ្នង ត្រង់ចំណុច TU (50640-45701) ខណៈថៃស្នើរុះរើ ចំនួន ០២ ខ្នង។ ក្នុងនោះកម្ពុជាយល់ព្រមកែប្រែលេណដ្ឋាននៅតំបន់ជម្លោះចំណុច TU (51601-52015) តាមសំណើរបស់ថៃ។
យ៉ាងណាមិញ កម្ពុជាបានច្រានចោលសំណើរសុំរុះរើផ្ទះ ចំនួន ០២ ខ្នង បន្ថែមទៀត ដែលស្ថិតក្នុងចម្ការកៅស៊ូ ចំណុច TU (51745-52744) ដោយពន្យល់ថា “ផ្ទះទាំងនោះជារបស់ជនស៊ីវិល ហើយកម្ពុជាបញ្ជាក់ថាបញ្ហានេះគួរតែត្រូវបានដោះស្រាយដោយគណៈកម្មការព្រំដែនចម្រុះ កម្ពុជា-ថៃ (JBC)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មិនទាន់សុំការពន្យលបាននៅឡើយទេ ប៉ុន្តែពាក់ព័ន្ធបញ្ជារឿងបញ្ហាព្រំដែន ក្រសួងការពារជាតិ បានអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ទាន់ហេតុការណ៍ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានពិតប្រាកដ៕

