2025-09-29 20:51
13

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា វរសេនីយ៍ វ៉ន វាសនា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបវេល ខេត្តបាត់ដំបង ជាអ្នករត់ការសូកប៉ាន់ បានទទួលប្រាក់ សរុបចំនួន ៧៧៤,០០០ ដុល្លារអាមេរិក (ម្នាក់ ១៨,០០០ ដុល្លារអាមេរិក) ពីមេខ្លោងប្រព្រឹត្តបទល្មើស «Online Scams» ដើម្បីរត់ការសូកប៉ាន់ ឱ្យមានការដោះលេងជនជាតិថៃ ចំនួន ៤៣ នាក់។ ក្រៅពីអធិការរងរូបនេះ ACU រកឃើញមានអ្នកពាក់ព័ន្ធ ចំនួន ០៥ នាក់ បន្ថែមទៀត។ នេះបើតាមរបាយការណ៍ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ អាណត្តិទី៤។

ចំពោះករណី ដែលបានឃើញអង្គភាពប្រឆាំងអំពើពុករលួយ បើកប្រតិបត្តិការនាំខ្លួនជនត្រូវចោទ ០២ នាក់ មានឈ្មោះ ហេង សុខណា និងឈ្មោះ មុនី សុខដារ៉ូ ឋានន្តរស័ក្តិអនុសេនីយ៍ត្រី ពីខេត្តកំពតមក តើនេះជារឿងថ្មីមួយទៀត ហើយជាករណីអ្វី?

ពាក់ព័ន្ធករណីនេះ ACU បានឱ្យដឹងថា តាមពិតនោះជារឿងចាស់ ដែលកើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៥ មកម្លេះ។ នៅពេលនគរបាលជាតិ តាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សហការជាមួយមូលដ្ឋាន បានចុះប្រតិបត្តិការរដ្ឋបាល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត ហើយរកឃើញអ្នកចូលមកស្នាក់នៅ ព្រមទាំងធ្វើការខុស ច្បាប់ជាច្រើននាក់ ក្នុងនោះ ជនជាតិថៃ ចំនួន ៤៣ នាក់ (ស្រី២០នាក់) ដែលធ្វើការបោកប្រាស់តាមអនឡាញ។ 

ជាគោលការណ៍ នគរបាលជាតិ នឹងត្រូវបណ្តេញអ្នកឆបោកទាំងនោះចេញពីកម្ពុជាបញ្ជូនទៅប្រទេសវិញ។ ប៉ុន្តែថៅកែទីតាំង Online Scams ជាជនជាតិថៃ ឈ្មោះ OVARARINT RAWI តាមរយៈមេការជនជាតិថៃម្នាក់ឈ្មោះ SRIPHAN SUPARP បានចំណាយប្រាក់រត់ការ ដើម្បីសុំឱ្យមានការដោះលែងជនជាតិថៃទាំង៤៣នាក់ ពីការឃុំឃាំង និងសុំកុំឱ្យបញ្ជូនទៅថៃវិញ ព្រមទាំងអនុញ្ញាតឱ្យបាននៅក្នុងប្រទេសកម្ពុជាបន្តធ្វើការវិញដដែល ដោយចំណាយប្រាក់ជាច្រើន ។ 

បើតាម ACU បានបញ្ជាក់ថា ការរត់ការនេះត្រូវបរាជ័យ ព្រោះនគរបាលជាតិ មិនអាចសម្របសម្រួលឱ្យហើយត្រូវចាប់បណ្តេញចេញពីកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ (៦ថ្ងៃក្រោយ) ព្រមទាំងរឹបអូសយកប្រាក់រត់ការបាន ២០០,០០០ ដុល្លារអាមេរិក ជូនមកតុលាការ។ ដោយសាររឿងនេះ ជារឿងរត់ការ តុលាការបញ្ជូនសំណុំរឿងនេះមកកាន់អង្គភាពប្រឆាំងអំពើពុករលួយជាសមត្ថកិច្ចវិញ។

អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា «វរសេនីយ៍ វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ជាអ្នករត់ការសូកប៉ាន់ បានទទួលប្រាក់ សរុបចំនួន ៧៧៤,០០០ ដុល្លារអាមេរិក ក្នុងម្នាក់ ១៨,០០០ ដុល្លារអាមេរិក ពីឈ្មោះ OVARARINT RAWI ជាជាតិថៃ ជាថៅកែពួក Online Scams ៤៣ នាក់នោះ ដើម្បីរត់ការដោះលែងកូនចៅរបស់ខ្លួនតាមរយៈជនជាតិថៃមួយរូបទៀត មានឈ្មោះ SRIPHAN SUPARP»។ នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឈ្មោះ វ៉ន វាសនា បានប្រគល់ប្រាក់ ២៨៤,០០០ ដុល្លារអាមេរិក ឱ្យទៅឈ្មោះ ហេង សុខណា នៅខេត្តកំពត ដើម្បីរត់ការសូកប៉ាន់ ដែលមានឈ្មោះ មុនី សុខដារ៉ូ ជាអ្នកឃុបឃិត និងជួយលាក់បាំងពីការផ្ទេរប្រាក់។ ក្រោយពីមានភស្តុតាងគ្រប់គ្រាន់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងជនសង្ស័យប៉ុនប៉ងសូកប៉ាន់ ចំនួន ០៦ នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន៖ ទី១- វ៉ន វាសនា ជាអធិការរងនគរបាលស្រុកបវេល (មានខ្លួន), ២- ឈ្មោះ តាំង សំណាង ជាមន្ត្រីយោធា (មានខ្លួន), ៣- ឈ្មោះ ហេង សុខណា (គេចខ្លួន), ៤- ឈ្មោះ មុនី សុខដារ៉ូ (គេចខ្លួន), ៥- ឈ្មោះ OVARARINT RAWI ជាថៅកែពួក Online Scams ទាំង៤៣នាក់ ជាជនជាតិថៃ និងជាអ្នក ចំណាយលុយ ៧៧៤,០០០ ដុល្លារអាមេរិក រត់ការដោះលែងកូនចៅ (គេចខ្លួន) និង ទី៦- ឈ្មោះ SRIPHAN SUPARP ជនជាតិថៃ (គេចខ្លួន)។

អង្គភាពប្រឆាំងអំពើពុរលួយ បានបន្តរកឃាត់ខ្លួនជនជាប់ចោទ ០៤ នាក់ទៀត មានឈ្មោះ ហេង សុខណា និង មុនី សុខដារ៉ូ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ គឺជាអ្នកទី៣ និងទី៤ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៣ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ពីបទ «ប៉ុនប៉ងសូកប៉ាន់» ដោះលែងពួក Online Scams ហៅ Call Center ហើយនៅសល់តែ ២នាក់ទៀត ដែលពុំទាន់ចាប់បានសុទ្ធតែ ជាជនជាតិថៃ ហើយជាម្ចាស់ Call Center