
កំពង់ស្ពឺ៖ កម្មករ-កម្មការិនី រាប់ពាន់នាក់ បម្រើការងារនៅរោងចក្រ (តារ៉ាល់) Taral មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ចំណុច គីឡូម៉ែរលេខ៤៦ ក្នុងឃុំស្នំក្រពើរ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្តធ្វើការតវាទាមទាឱ្យថៅកែរោងចក្រគោរពលក្ខខ័ណ្ឌការងារ និងផ្តល់អត្ថប្រយោជន៍មួយចំនួនដល់បងប្អូនកម្មករ ដែលភាគីរោងចក្រមិនទាន់អនុវត្តស្របតាមច្បាប់ការងារ។
ការតវ៉ារបស់បងប្អុនកម្មករ ដើម្បីស្វែងរកដំណោះស្រាយលក្ខខ័ណ្ឌការងារ និងអត្ថប្រយោជន៍នេះ បានបន្តនៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥នេះ ឈានទៅដល់ការបិទផ្លូវជាតិជាតិលេខ៣ បណ្តាលឱ្យការធ្វើចរាចរត្រូវបានផ្អាកជាបណ្ដោះអាសន្ន បង្កឱ្យមានការកកស្ទះយ៉ាងខ្លាំង។
ប៉ុន្តែភ្លាមៗក្រោយការបិទផ្លូវជាតិនេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ នគរបាល អាជ្ញាធរស្រុក មន្ត្រីនៃមន្ទីរការងារ និងអាជ្ញាធរខេត្តកំពង់ស្ពឺ បានអន្តរាគមន៍សម្រុះសម្រួលជាមួយបងប្អូនកម្មក-កម្មការិនី ដើម្បីបើកផ្លូវឱ្យដំណើរការចរាចរណ៍ឡើងវិញ ដើម្បីចៀសវាងការរំខានដល់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។
បើតាមការបញ្ជាក់របស់អាជ្ញាធរស្រុកគងពិសី បានឱ្យដឹងថា គិតត្រឹមម៉ោង ១០និង២០នាទី ថ្ងៃទី០៣ ខែតុលានេះ ក្រុមការងារបានសម្របសម្រួល បើកផ្លូវជាតិលេខ៣ អាចធ្វើចរាចរណ៍ទៅវិញទៅមកជាធម្មតាវិញហើយ៕

