2025-10-03 14:25
5

លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានធ្វើដំណើរមកដល់ព្រលានយន្តហោះ Surin Bhankdi ក្នុងស្រុក Mueang Surin ខេត្ត Surin ដើម្បីរៀបចំសម្រាប់បេសកកម្មរបស់លោកក្នុងការតាមដានលើជំនួយ និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតាមព្រំដែន កម្ពុជា-ថៃ ក្នុងខេត្ត Surin

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ លោក Anutin នាយករដ្ឋមន្ត្រី ត្រូវបានឃើញពាក់ឯកសណ្ឋានៃក្រុមការពារស្ម័គ្រចិត្ត (Volunteer Defense Corps VDC) ថ្នាក់ឧត្តមសេនីយ៍ (General Commander) មានឋានៈជាអគ្គមេបញ្ជាការ ដែលជាឋានៈរបស់រដ្ឋមន្ត្រីក្រសួងមផ្ទៃ ក្នុងតួនាទីជាមេបញ្ជាការ នៃក្រុមស្ម័គ្រចិត្តក្រសួងមហាផ្ទៃ។

ការចុះទស្សនកិច្ចរបស់ លោក Anutin មានគោលបំណងសំខាន់ក្នុងការផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋ និងកងកម្លាំងពាក់ព័ន្ធ ដែលកំពុងបំពេញភារកិច្ចក្នុងតំបន់ព្រំដែន។ ដោយសារស្ថានភាពមិនស្ថិតស្ថេរ តំបន់នេះបានប៉ះពាល់ដល់សុខុមាលភាពសាធារណជន ដោយរដ្ឋាភិបាលថៃ បានប្រកាសថា កំពុងអនុវត្តវិធានការជួយសង្គ្រោះ និងផ្តល់សេវាជាបន្ទាន់។

អ្នកវិភាគនយោបាយមួយចំនួនបានឲ្យដឹងថា ការមកដល់ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី Anutin បង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមដោយផ្ទាល់របស់រដ្ឋាភិបាលក្នុងការរក្សាសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួន និងសន្តិភាពតាមតំបន់ព្រំដែន៕