
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) គឺយោធភូមិភាគទី៤ ភាគីកម្ពុជា និងយោធភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នាក្នុងសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ក្រុមលេខាធិការបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ យោធភូមិភាគទី២។ លោកស្រីបានបន្ថែមថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាគ្នាលើកាលបរិច្ឆេទនៃកិច្ចប្រជុំខ្លឹមសារ នៃកិច្ចប្រជុំនាពេលខាងមុខ។
ក្រសួងការពារជាតិ បានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕


