
បាត់ដំបង៖ ចោរអំបុកចោរបំបែងដាច់យ៉ៃ បានចូលប្លន់យកក្រវឹងកំប៉ុងត្រូវរង្វាន់ ឬហៅថា «ប័ណ្ណមូនិធិ» ស្រាបៀរអស់ប្រមាណជាង ១០កេស បង្កការភ្ញាក់ផ្អើលទាំងព្រឹក ចំណុចផ្ទះលក់ភេសជ្ជៈគ្រប់មុខ នៅទីប្រជុំជនដងទង់ ស្ថិតក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីវេលាម៉ោងជាង ០៦ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដោយបានកាប់បណ្តាលឱ្យជនរងគ្រោះ២នាក់ ប្តី-ប្រពន្ធ រងរបួសធ្ងន់។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះក្នុងអំពើប្លន់យកក្រវឹលកំប៉ុងស្រាបៀរ មានឈ្មោះ ណំ ធារី អាយុ៦៨ឆ្នាំ (ប្ដី) របួសត្រូវក្បាល ០១កាំបិត, ប្រពន្ធឈ្មោះ ចាត ណា អាយុ ៤៩ឆ្នាំ របួសត្រង់ក្បាល ០៣ កន្លែង និងត្រូវដៃឆ្វែង ០១កន្លែង មានមុខរបរ លក់ដូរ នៅចំណុចកើតហេតុ។
ប្រភពបានបន្តទៀតថា ជនសង្ស័យម្នាក់ឯង បានប្រើប្រាស់កាំបិតខ្វែវដងវែង ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះទាំង០២នាក់ ប្ដី-ប្រពន្ធ ខណៈពេលបើកទ្វារតូប ដើម្បីរៀបចំបើកទ្វារលក់ដូរដូចសព្វមួយដង។ តាមជនរងគ្រោះរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនដៃដល់អាចផ្លោះរបងចូលសំងំក្នុងដីចម្ការខាងក្រោយផ្ទះគាត់តាំងពីយប់ លុះព្រឹកឡើងនៅពេលគាត់បើកទ្វារផ្ទះចេញក្រៅផ្ទះវាធ្វើសកម្មភាពកាប់ប្លន់តែម្តង។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ប្តី-ប្រពន្ធ បានក្រោកពីដំណេកបើកទ្វាតូបដើរចេញមកក្រៅ ដើម្បីរៀបចំលក់អីវ៉ាន់ ប៉ុន្តែពេលនោះស្រាប់តែមានជនសង្ស័យម្នាក់ ចេញមកធ្វើសកម្មភាពកាប់លើស្ត្រីជាប្រពន្ធ ហើយប្តីបានទៅជួយប្រពន្ធជនល្មើសកាប់បន្តទៀត បណ្តាលឱ្យរងរបួស ហើយឈ្លាតឱកាសនោះចូលក្នុងតូបលក់អីវ៉ាន់ប្រមូលយកក្រវឹលកំប៉ុងរត់គេចខ្លួនបាត់ បង្កឱ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តាមការបំភ្លឺរបស់ជនរងគ្រោះក្រវឹលស្រាបៀរចម្រុះដែលត្រូវរង្វាន់ដែលចោរប្លន់យកទៅនោះប្រហែងជាង ១០ កេស។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានដល់ចាប់ខ្លួនជនសង្ស័យ ព្រោះសមត្ថកិច្ចបានឆែកកាម៉ារ៉ាសុវត្ថិភាព កំណត់បានភិនភាគជនសង្ស័យបានហើយ៕


