
ថៃ៖ ឧត្តមសេនីយ Weerayut កងទ័ពទី២ ថៃថ្មី ប្រកាសក្ដែងៗយ៉ាងក្អេងក្អាងថា កងទ័ពលោក បានត្រៀមវាយកម្ពុជា ២៤ម៉ោង ដើម្បីគ្រោងដណ្តើមយកប្រាសាទចំនួនពីរមកវិញ ពោលគឺ ប្រាសាទតាក្របី និងប្រាសាទខ្នា (ខាងកើតប្រាសាទតាក្របី)។ នេះបើតាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី១៣ តុលា ឆ្នាំ២០២៥។
នាឱកាសទៅសួរសុខទុក្ខកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តសុរិន្ទ ដើម្បីពិនិត្យសុខុមាលភាព និងការត្រៀមខ្លួនរបស់កងទ័ពថៃ ចំពេលមានភាពតានតឹងកំពុងកើនឡើង លោកឧត្តមសេនីយ៍ឯក Weerayut Raksin មេបញ្ជាការតំបន់កងទ័ពទី២ និយាយថា តំបន់កងទ័ពទីពីរត្រូវបានរៀបចំដើម្បីប្រយុទ្ធ ២៤/៧ ដោយប្តេជ្ញាការពារទឹកដីថៃមិនឲ្យបាត់បង់សូម្បីមួយសង់ទីម៉ែត្រការ៉េ រួមទាំងប្រកាសថានឹងដណ្តើមយកប្រាសាទតាក្របីនិងប្រាសាទខ្នា (ខាងកើតប្រាសាទតាក្របី) មកវិញ។
ឧត្តមសេនីយ៍ឯកខាងលើ បន្តដោយអួតក្ដែងៗថា កងទ័ពថៃទាំងអស់ដែលដាក់ពង្រាយនៅតាមព្រំដែន បានត្រៀមខ្លួនដើម្បីប្រឈមនឹងការប្រយុទ្ធគ្រប់ម៉ោង និងមានសុជីវធម៌ខ្ពស់។
«ខ្ញុំបានណែនាំកងទ័ពទាំងអស់ឲ្យឆ្លើយតបចំពោះអ្នកណាដែលចូលក្នុងទឹកដីថៃដោយប្រដាប់អាវុធ និងរំលោភលើអធិបតេយ្យភាពរបស់យើង។
ប្រសិនបើទាហានខ្មែរឆ្លងចូលប្រទេសថៃដោយមានអាវុធនិងបំផ្លាញទ្រព្យសម្បត្តិ យើងមិនអាចអត់ឱនបានក្នុងកាលៈទេសៈណាក៏ដោយ។ កម្លាំងរបស់យើងត្រូវបានអនុញ្ញាតក្នុងការឆ្លើយតបទៅតាមច្បាប់នៃការចូលរួមតាមស្ថានភាពទាមទារ» នេះការលើកឡើងរបស់មេបញ្ជាការតំបន់កងទ័ពទី២ ថៃ៕
