2025-10-13 16:32
10

លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន នៅតែ «ល្អ» ទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាថ្មី បន្ទាប់ពីការគំរាមរបស់លោកក្នុងការដាក់ពន្ធបន្ថែម ១០០ ភាគរយ លើការនាំចូលរបស់ចិន ដែលចាប់ផ្តើមអនុវត្តនៅខែក្រោយនេះ។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា «លោកមានទំនាក់ទំនងដ៏អស្ចារ្យជាមួយប្រធានាធិបតីចិន Xi Jinping»។ ការថ្លែងរបស់មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានធ្វើឡើង បន្ទាប់ពីលោកបានគំរាមយកពន្ធថ្មីកាលពីថ្ងៃសុក្រកន្លងទៅនេះ។ ការកំរាមកំហែងតម្លើងពន្ធគយ ១០០ ភាគរយលើទំនិញចិននេះ គឺជាការឆ្លើយតបទៅនឹងការគ្រប់គ្រងការនាំចេញថ្មីរបស់ប្រទេសចិនលើសារធាតុរ៉ែកម្រ។

លោក Trump បាននិយាយភ្លាមៗបន្ទាប់ពីលោកបានឡើងយន្តហោះសម្រាប់ដំណើរទស្សនកិច្ចដ៏ត្រចះត្រចង់ទៅកាន់ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបថា «គាត់ គឺជាបុរសដ៏ស្វិតស្វាញម្នាក់។ គាត់ គឺជាមនុស្សឆ្លាតណាស់។ គាត់ជាអ្នកដឹកនាំដ៏អស្ចារ្យសម្រាប់ប្រទេសរបស់លោក»។

ទីក្រុងប៉េកាំងបានចេញការឆ្លើយតបជាផ្លូវការកាលពីថ្ងៃអាទិត្យ ចំពោះការគំរាមកំហែងពន្ធគយរបស់រដ្ឋបាល Trump ដោយនិយាយថា «ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការសមស្របដូចគ្នាយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។

ភាពតានតឹងចុងក្រោយបំផុតរវាងសហរដ្ឋអាមេរិក និងចិន បានកើតឡើង បន្ទាប់ពីប្រទេសចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ អំពីវិធានការទប់ស្កាត់បន្ថែមលើការនាំចេញនៃរ៉ែកម្រ និងបច្ចេកវិទ្យាពាក់ព័ន្ធ ដែលមានសារៈសំខាន់ចំពោះការផលិតផលិតផលបច្ចេកវិទ្យាខ្ពស់។

កាលពីថ្ងៃសុក្រ លោក Trump បានចោទប្រកាន់ប្រទេសចិន ថាបានក្លាយជា «សត្រូវយ៉ាងខ្លាំង» ហើយមិនត្រឹមតែសហរដ្ឋអាមេរិក ប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល «ក្លាយជាចំណាប់ខ្មាំង» ជាមួយនឹងការរឹតបន្តឹងភ្លាមៗនៃការគ្រប់គ្រងការនាំចេញ។

លោក Trump បាននិយាយថា សហរដ្ឋអាមេរិក នឹងអនុវត្តពន្ធគយចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឬឆាប់ជាងនេះ អាស្រ័យលើសកម្មភាពណាមួយដែលធ្វើឡើងដោយប្រទេសចិន ហើយថា គាត់អាចលុបចោលកិច្ចប្រជុំដែលបានគ្រោងទុកជាមួយលោក Xi នៅចុងខែនេះនៅកូរ៉េខាងត្បូងផងដែរ។ លោក និយាយទៀតថា សហរដ្ឋអាមេរិក ក៏មានគម្រោងដាក់ការគ្រប់គ្រងលើការនាំចេញលើផលិតផលកម្មវិធីសំខាន់ៗទាំងអស់ ដោយចាប់ផ្តើមពីកាលបរិច្ឆេទដូចគ្នា៕