2025-10-13 16:57
8

លោកនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានអះអាងសារជាថ្មីថា លោកបានផ្តល់អំណាចពេញលេញដល់យោធាក្នុងការសម្រេចចិត្តលើវិធានការព្រំដែន រួមទាំងការប្រើសំឡេងរំខានប្រឆាំងនឹងប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានចោទប្រកាន់លើពលរដ្ឋកម្ពុជា បានតាំងទីលំនៅ និងអាស្រ័យផលលើទឹកដីរបស់ថៃ។

កងទ័ពថៃ បាននិយាយថា វិធានការនេះ មានគោលបំណងជាមធ្យោបាយអហិង្សា ដើម្បីដាក់សម្ពាធលើអ្នកតាំងទីលំនៅឱ្យចាកចេញពីទឹកដីដែលគ្រប់គ្រងដោយថៃ។ វាក៏បានអនុញ្ញាតឱ្យចាក់បញ្ចាំងវីដេអូដែលបង្ហាញពីរបៀបដែលអាជ្ញាធរថៃ បានផ្តល់ការជ្រកកោនដល់ប្រជាជនកម្ពុជាដែលបានភៀសខ្លួនពីរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ដែលនាំឱ្យមានការបង្កើតការតាំងទីលំនៅរបស់កម្ពុជានៅក្នុងតំបន់នោះ។

ទាក់ទងនឹងការព្រួយបារម្ភថា ការប្រើប្រាស់សំឡេងរំខានប្រឆាំងនឹងជនស៊ីវិល អាចរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពី ការការពារជនស៊ីវិល និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលហាមប្រាមសកម្មភាពដែលគំរាមកំហែង ឬប៉ះពាល់ដល់ផ្លូវចិត្តអ្នកប្រយុទ្ធ និងហានិភ័យនៃការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ព្រំដែនដែលមានជម្លោះ លោក Anutin បាននិយាយថា «លោកមិនទាន់ពិនិត្យមើលបញ្ហានេះនៅឡើយទេ ប៉ុន្តែនឹងពិនិត្យមើលនៅពេលក្រោយ»។

ជាការឆ្លើយតបទៅនឹងការព្រមានរបស់សមាជិកព្រឹទ្ធសភា Angkhana Neelapaijit's ថាសកម្មភាពបែបនេះបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលថៃ ជាពិសេសសម្រាប់រដ្ឋមន្ត្រីការបរទេសក្នុងការដោះស្រាយវិវាទ និងស្វែងរកដំណោះស្រាយរួម ខណៈដែលអាចបំផ្លាញជំហររបស់ប្រទេសថៃនៅលើឆាកអន្តរជាតិនោះ Anutin បាននិយាយថា «ប្រទេសថៃធ្វើបែបនេះគ្រាន់តែការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះ»។

លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនកំពុងបន្ត។ កាលពីថ្ងៃទី១២ ខែតុលា រដ្ឋមន្ត្រីការបរទេសលោក Sihasak Phuangkeow បានជួបជាមួយតំណាងមកពីប្រទេសកម្ពុជា ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលដែលភាគីថៃបានរំលឹកឡើងវិញនូវជំហរ ៤ ចំណុចរបស់ខ្លួន គឺការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន, កិច្ចសហប្រតិបត្តិការបោសសំអាតមីននៅតាមព្រំដែន, រួមគ្នាបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់ និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងតំបន់ព្រំដែនដែលមានបញ្ហា ដូចជា ភូមិព្រៃចាន់ និងភូមិជោគជ័យ

ទន្ទឹមនឹងនេះដែរ ក្រុមជាតិនិយមបានថ្កោលទោសសមាជិកព្រឹទ្ធសភា ចំពោះការកត់សម្គាល់របស់លោកស្រី ដោយចោទប្រកាន់លោកស្រីថា បានឈរនៅខាងប្រទេសកម្ពុជា ទោះបីលោកស្រីមានចេតនាល្អក៏ដោយ។

សមាជិកព្រឹទ្ធសភាលោកស្រី អាន អង្គាណា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នយោបាយនៃព្រឹទ្ធសភា បានបញ្ជាក់ថា «លោកស្រីមិនបានគាំទ្រទង្វើណាមួយរបស់ភាគីកម្ពុជាទេ» ហើយគ្រាន់តែចង់ចង្អុលបង្ហាញថា គណៈកម្មាធិការសិទ្ធិកម្ពុជា បានផ្ញើលិខិតទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយបញ្ជាក់ថា សំឡេងរំខានទាំងនោះ ត្រូវបានគេចាក់នៅម៉ោង ១១យប់កណ្តាលអធ្រាត្រ និងម៉ោង៣ទៀបភ្លឺ។ នៅពេលដែលជនស៊ីវិលសម្រាកមិនបាន និងថាគ្មានការតវ៉ា ឬការប៉ះទង្គិចគ្នាកើតឡើងនៅពេលនោះ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការប្រើប្រាស់សំឡេងដ៏រន្ធត។ លោកស្រីបានសម្តែងការព្រួយបារម្ភថា ដូចមានចែងក្នុងលិខិតដាក់ទៅអង្គការសហប្រជាតិ សកម្មភាពបែបនេះ អាចជាការធ្វើទារុណកម្មផ្លូវចិត្តប្រឆាំងនឹងជនស៊ីវិល៕