2025-10-26 16:18
4

ភ្នំពេញ៖ ក្នុងសារលិខិតផ្ញើជូនលោក ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងទិវាជាប្រវត្តិសាស្ត្រ ដែលទីម័រឡេស្តេ បានចូលជាសមាជិកពេញសិទ្ធិ នៃសមាគមអាស៊ានជាផ្លូវការក្នុងនាមព្រឹទ្ធសភានៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតចំពោះលោកប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ចំពោះសមិទ្ធផលដ៏ស័ក្តិសមនឹងទទួលនេះ។

ប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយជាអនេក ដែលមានទីម័រឡេស្ដេ ជាសមាជិកនៃគ្រួសារអាស៊ាន ហើយក៏មានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាមិត្ត និងជាដៃគូមិនងាករេក្នុងដំណើរនេះ ចាប់តាំងពីការទទួលយកទីម័រឡេស្ដេ ជាគោលការណ៍ជាសមាជិកទី១១ នៃអាស៊ាន ក្នុងសន្និសីទកំពូលអាស៊ានលើកទី៤០ និង៤១ នៅប្រទេសកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ក្នុងសារលិខិតថា «ក្នុងបរិការណ៍សកលលោក ដែលកាន់តែស្មុគស្មាញនាពេលបច្ចុប្បន្ន ការចូលរួមជាសមាជិក ពេញសិទ្ធិនៃទីម័រឡេស្តេ គឺចំពេលវេលា និងមានតម្លៃសម្រាប់ការពង្រឹងការឯកភាពរបស់សមាគមអាស៊ាន។ នៅពេលដែលតំបន់របស់យើងកំពុងប្រឈមនឹងបញ្ហាជាច្រើន ទាំងក្នុងប្រទេសតំបន់ និងអន្តរជាតិ ការចូលរួមសកម្ម និងប្រកបដោយគោលការណ៍របស់ទីម័រឡេស្តេ នឹងរួមចំណែកដ៏មាន អត្ថន័យក្នុងការសម្រេចបាននូវចក្ខុវិស័យរួមនៃតំបន់មួយប្រកបដោយសន្តិភាព ភាពធន់ និងវិបុលភាព»

សម្តេចតេជោ មានជំនឿជាក់ថា «ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ នឹងកាន់តែរឹងមាំ ក្រោម សមាជិកភាពរួមគ្នារបស់យើងនៅក្នុងអាស៊ាន។ សម្តេចទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពឋិតថេរសម្រាប់ប្រទេសយើងទាំងពីរ និងសហគមន៍អាស៊ាន»