2025-10-28 08:07
10

ថៃ៖ លោក Anutin Charnvirakul កាលពីថ្ងៃចន្ទបានបដិសេធការអះអាងដែលថា រដ្ឋាភិបាលរបស់លោក នឹងបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញនៅខែក្រោយដោយសង្កត់ធ្ងន់ថា យ៉ាងហោចណាស់ជំហានចំនួនបួនដែលមានចែងក្នុងសេចក្តីប្រកាសរួម កម្ពុជាត្រូវតែបំពេញជាមុនសិន មុនពេលទំនាក់ទំនងធម្មតាអាចចាប់ផ្តើមឡើងវិញបាន។

តាមការចុះផ្សាយដោយកាសែតថៃ The Nation បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថៃ បានឆ្លើយបដិសេធ ដោយអះអាងថា លោកមិនដឹងថា អ្នកណាកំណត់កាលបរិច្ឆេទ ក្នុងការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា នោះទេ។

លោក អានុទីន សង្កត់ធ្ងន់ថា ការបើកច្រកព្រំដែនឡើងវិញ គឺអាស្រ័យលើសកម្មភាពរបស់កម្ពុជា មានន័យថា កម្ពុជា ត្រូវបង្ហាញពីភាពស្មោះត្រង់ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយចាប់ផ្ដើមអនុវត្តលក្ខខណ្ឌចំនួនបួននៃសេចក្តីប្រកាសរួមដែលលោក និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានចុះហត្ថលេខាជាមុនសិន។ ហើយបន្ទាប់មកថៃនឹងវាយតម្លៃចំណាត់ការរបស់កម្ពុជា រួចនឹងឆ្លើយតបតាមនោះ មុននឹងឈានដល់ជំហានបន្ទាប់ក្រោមកិច្ចព្រមព្រៀង។

“ប្រទេសថៃមិនមែនជាប្រទេសដែលរំលោភលើលក្ខខណ្ឌបទឈប់បាញ់នោះទេ ដូច្នេះរាល់សកម្មភាពត្រូវតែចាប់ផ្តើមពីប្រទេសកម្ពុជា” នេះជាការលើកឡើងរបស់ លោក អានុទីន។

លើសពីនេះ លោកបន្តបញ្ជាក់ចុងក្រោយថា ការដោះស្រាយការទន្ទ្រានព្រំដែននឹងជាជំហានចុងក្រោយមុនពេលទំនាក់ទំនងកម្ពុជា-ថៃ វិលមករកភាពប្រក្រតីវិញ។ ដោយប្រទេសថៃនឹងផ្តោតលើការទន្ទ្រានរបស់កម្ពុជានៅតំបន់ Ban Nong Chan និង Ban Nong Ya Kaeo ក្នុងខេត្តស្រះកែវ។ បន្ទាប់មក នៅពេលជម្លោះក្នុងភូមិទាំងពីរត្រូវបានដោះស្រាយ ថៃក៏នឹងតាំងទីលំនៅថ្មីដល់គ្រួសាររបស់ប្រជាជនខ្លួន ដែលរំលោភលើទឹកដីកម្ពុជាដោយរកផ្ទះថ្មីឲ្យពួកគេស្នាក់អាស្រ័យ។ 

ក្រោយពីនោះ បញ្ហាទាំងអស់ដែលប៉ះពាល់ដល់សន្តិសុខជាតិត្រូវបានដោះស្រាយ ហើយភាគីទាំងពីរនឹងចាប់ផ្តើមការពិភាក្សាដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ បន្ទាប់មកច្រកព្រំដែនអាចបើកឡើងវិញបានហើយ៕