កងវរសេនាតូចស៊ើបការណ៍អាកាសធាតុទី៥៣ របស់កងទ័ពអាកាសអាមេរិកដែលជា អ្នកប្រមាញ់ព្យុះ បានហោះកាត់ព្យុះ Hurricane Melissa កាលពីថ្ងៃចន្ទ ដើម្បីប្រមូលទិន្នន័យសំខាន់ៗសម្រាប់មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) ។ នេះបើតាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី២៨ តុលា។
ព្យុះប្រភេទទី៥ នេះ មានកម្លាំងខ្យល់បក់ក្នុងល្បឿន ២៨២ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាកំពុងត្រៀមគំរាមកំហែងប្រទេសហ្សាម៉ាអ៊ីក ជាមួយនឹងការខូចខាតយ៉ាងមហន្តរាយនៅពេលវាខិតជិតមកដល់ខាងមុខ។
Melissa ត្រូវបានចាត់ទុកថាជាព្យុះមហន្តរាយ ដែល NHC ដាក់ការរំពឹងថា វានឹងវាយលុកប្រទេសហ្សាម៉ាអ៊ីកនៅចុងថ្ងៃចន្ទ ឬដើមថ្ងៃអង្គារ មុនពេលវាធ្វើដំណើរឆ្លងកាត់ភាគខាងកើតប្រទេសគុយបា និងបាហាម៉ាស។
បន្ថែមពីនោះ អ្នកព្យាករណ៍អាកាសធាតុក៏បានព្រមានអំពី ព្យុះដ៏សាហាវនេះដែរថា វានឹងនាំខ្យល់បក់ដែលមិនធ្លាប់មានពីមុនមក រួមទាំងភ្លៀងធ្លាក់រហូតដល់ ៣ ហ្វីត និងការបំផ្លិចបំផ្លាញដែលរីករាលដាលកាន់តែខ្លាំងឡើង ដោយសារចលនារបស់ព្យុះ Melissa។
ទទួលដំណឹងនេះ នាយករដ្ឋមន្ត្រី Andrew Holness បានបញ្ជាឱ្យមានការជម្លៀសប្រជាជនសម្រាប់ភាគខាងត្បូងប្រទេសហ្សាម៉ាអ៊ីក រួមទាំង Port Royal ដោយបានលើកឡើងថា "មិនមានហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដែលអាចទប់ទល់នឹងព្យុះប្រភេទទី៥នេះបានទេ" ខណៈដែលកោះនេះទប់ទល់នឹងផលប៉ះពាល់ដ៏មហន្តរាយជាច្រើនរួចមកហើយ៕




