2025-12-06 10:22
5

ភ្នំពេញ៖ ថ្ងៃទី០៥ ខែធ្នូ ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំពិធីបើក «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល»។

ពិធីនេះមានការចូលរួមពី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អគ្គលេខាធិការអាស៊ាន ក៏ដូចជាគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើន ព្រមទាំងតំណាងវិស័យឯកជន។

ក្នុងសុន្ទរកថា បន្ទាប់ពីអញ្ជើញបើកកម្មវិធី លោក វង្សី វិស្សុត បានលើកឡើងថា “បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ពង្រឹងសេដ្ឋកិច្ច ការអភិវឌ្ឍ និងភាពធន់។ ទោះបីជាមានឱកាសជាច្រើន បច្ចេកវិទ្យាក៏នាំមកនូវហានិភ័យដូចជា ឧក្រិដ្ឋកម្មសាយប័រ ការបោកប្រាស់តាមអ៊ិនធឺណិត ការបាត់បង់ការងារ និងគម្លាតឌីជីថលផងដែរ”។

លោកបានរំលឹកថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ឱ្យអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥» ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាដ៏ម៉ឺងម៉ាត់ ក្នុងការធ្វើបរិវត្តកម្មឌីជីថលគ្រប់ផ្នែក និងស្រទាប់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ផ្តោតកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលក្នុងការដ្ឋាន ចំនួន ៣ រួមមាន “រដ្ឋាភិបាលឌីជីថល ធុរកិច្ចឌីជីថល និងពលរដ្ឋឌីជីថល”។ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ «បច្ចេកវិទ្យា» ជាអាទិភាពគន្លឹះ និង«ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ជារបៀបវារៈគោលនយោបាយក្នុង «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១»។ 

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលវិជ្ជមានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងភាពជាដឹកនាំរបស់ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត លើការងារសម្របសម្រួល និងជំរុញបរិវត្តកម្មឌីជីថល។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តោតលើការបង្កើនមូលធន ការវិនិយោគ ការបន្ស៉ី និងការតម្រង់ទិសសកម្មភាពអាទិភាពជាប្រចាំ ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល  ដើម្បីជាប្រយោជន៍ដល់វិស័យសាធារណៈផង និងវិស័យឯកជនផង ព្រមទាំងការដោះស្រាយបញ្ហាប្រឈមថ្មីៗពាក់ព័ន្ធនឹង៖ ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថល ជាពិសេស AI, ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅអវិជ្ជមាន ដូចជាបទល្មើសសាយប័រ (Cyber Crime) និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam), គម្លាតសមត្ថភាពចាប់យកបច្ចេកវិទ្យា និងគម្លាតធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ធៀបនឹងតម្រូវការអភិវឌ្ឍន៍។


ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ ៦ ចំណុច សម្រាប់ក្រសួង-ស្ថាប័ន ដើម្បីជំរុញបរិវត្តកម្មឌីជីថលរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ ក្នុងពិធីនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការ ៥ ចំណាត់ការ ជាមួយអាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន UN-ESCAP AFD និងក្រុមហ៊ុន TATIUS Limited (ចក្រភពអង់គ្លេស) ដែលទាក់ទងនឹងរដ្ឋាភិបាលឌីជីថល និងសន្តិសុខសាយប័រ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានអញ្ជើញចុចប៉ូតុងជានិមិត្តរូប ដើម្បីប្រកាសដាក់ឱ្យដំណើរការសេវា 5G ចាប់ពីឆ្នាំ២០២៦ តទៅ ដែលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងនាំមកនូវបច្ច័យថ្មីៗបន្ថែមទៀតសម្រាប់សង្គមសេដ្ឋកិច្ច ហើយក៏អាចចាត់ទុកជាបង្គោលចរថ្មីមួយនៃដំណើរ បរិវត្តកម្មឌីជីថលនៅកម្ពុជាផងដែរ៕