2025-12-06 10:32
4

កោះកុង៖ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង ប្រចាំស្នាក់ការល្បាត តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបានធ្វើការដកហូតមោង ចាប់សត្វស្លាបបាន ចំនួន ០៧ ដៃ ស្មើនឹងប្រវែង ២៧០ ម៉ែត្រ អញ្ញាតជន ស្ថិតក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុក នៅស្នាក់ការល្បាតតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង។

នៅក្នុងថ្ងៃជាមួយគ្នានេះដែរ មន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការល្បាតឆាយអារ៉ែង នៃឧទ្យានជាតិជួរភ្នំក្រវាញ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបានធ្វើការដកហូត អន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន  ១២ ខ្សែ ស្ថិតនៅស្ថិតនៅភូមិចំណារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ចំពោះវត្ថុតាង ត្រូវបានក្រុមការងារ យកមករក្សាទុកនៅស្នាក់ការល្បាតឆាយអារ៉ែង។

ជាមួយគ្នានេះ កម្លាំងមន្រ្តីឧទ្យានុរក្ស ប្រចាំស្នាក់ការល្បាតស្ទឹងព្រាត់ នៃដែនជម្រកសត្វព្រៃតាតៃ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការដោះលេងសត្វត្រកួតចំនួន ០២ ក្បាល ទំងន់ ០៩ គីឡូក្រាម ដែលបានដកហូតកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឱ្យចូលព្រៃធម្មជាតិវិញ នៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។

នៅក្នុងខេត្តកោះកុងដដែល មន្រ្តីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃពាមក្រសោប បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបានត្រួតពិនិត្យ និងតាមដានទីតាំងកាប់រានចាស់ដែលបានដាក់ពាក្យបណ្តឹង ទៅអយ្យការអមសាលាដំបូងរួច ចំនួន ០២ ទីតាំង។ 

ក្រុមការងារបានដាំស្លាកសញ្ញាហាមឃាត់ការកាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការ ដុតឬឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទិ្ធចំនួន ០៦ ផ្ទាំង ស្ថិតនៅក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប៕