2025-12-06 10:37
5

ក្រចេះ៖ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP - MAFF) បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ចូលរួមក្នុងបេសកកម្មគាំទ្រគម្រោងរបស់ធនាគារពិភពលោកលើកទី២ នៅតំបន់គោលដៅខេត្តក្រចេះ។

បេសកកម្មនេះ មានការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រុមបេសកកម្មធនាគារពិភពលោក និងមន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្ត។ ការចុះទីតាំងមានគោលបំណងសិក្សាស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងវឌ្ឍនភាពកសិកម្មវៃឆ្លាតរបស់កសិករនៅតំបន់គោលដៅ។

ក្នុងដំណើរបេសកកម្ម ក្រុមការងារបានចូលរួមកិច្ចប្រជុំជាមួយសហគមន៍កសិកម្ម និងសហគមន៍ព្រៃឈើ នៅឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ក្រុមការងារបានពិនិត្យ និងពិភាក្សាអំពីស្ថានភាពទំនប់ សក្តានុពលដំណាំ ស្ថានភាពក្រុមសហគមន៍ និងតម្រូវការពង្រឹងការអនុវត្តគម្រោង។ 

ជាមួយគ្នានោះ ក៏បានពិនិត្យលើការផែនការសាងសង់ស្ថាបនាអាងស្តុកទឹក ប្រព័ន្ធទំនប់ ប្រឡាយ ការផ្ដល់ផ្ទះសំណាញ់ ការចិញ្ចឹមឃ្មុំ និងការបង្កើតសហគមន៍កសិកម្មទំនើបផងដែរ។

លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា “ការសហការយ៉ាងជិតស្និទរវាងក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ជាធាតុសំខាន់ក្នុងការកែលម្អប្រសិទ្ធភាពការងារ ការរៀបចំផែនការផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារប្រកបដោយនិរន្តរភាព ដើម្បីធានាថាគម្រោងអនុវត្តបានជោគជ័យតាមគោលដៅ។

នៅចុងបេសកកម្ម ក្រុមការងារបានពិនិត្យអាងស្តុកទឹក ទ្វារទឹក តំបន់ផលិតកម្មកសិកម្ម ស្ថានីយសាងសង់ផ្ទះសំណាញ់ និងឃ្លាំងប្រមូលផល នៅតំបន់គម្រោងក្នុងឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ដើម្បីបញ្ជាក់លើតម្រូវការរួម និងផែនការអនុវត្តបន្តឱ្យកាន់តែប្រសើរ៕