ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ «លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើលិខិតលាលែងពីមុខតំណែងហើយ។
តាមការឲ្យដឹងពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី មុននឹង លោក វីទីត ម៉ុនតាប៊ន ធ្វើលិខិតលាលែងពីមុខតំណែង អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅពេលដែលឯកឧត្តមបានជួបសន្ទនាជាមួយ លោក Rory Mungoven អ្នកទទួលបន្ទុកសិទ្ធិមនុស្សនៅអាស៊ីប៉ាស៊ីហ្វិក។ ឯកឧត្តម បានប្រាប់ លោក Rory Mungoven ថា ក្នុងពេលនៃការយារយី និងរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរពីកងទ័ពថៃ រាល់លិខិតបណ្តឹង ដែលបានផ្ញើចេញទៅគ្រប់ស្ថាប័នពាក់ព័ន្ធសិទ្ធិមនុស្សទាំងអស់លើកលែងតែលោកវិទីតមួយដែលឯកឧត្តមិនបានផ្ញើទៅនោះទេ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងយ៉ាងដូច្នេះថា “ជាសុជីវធម៌មួយដែលមិនចង់ឲ្យគាត់មានការលំបាកក្នុងការងាររបស់គាត់ បើទោះជាការងារនោះឯករាជ្យដែលតែងតាំងដោយ UN ក៏ដោយក៏គាត់នៅតែជាជនជាតិថៃ។ បើគាត់ហ៊ានថ្កោលទោសកងទ័ពថៃថា រំលោភសិទ្ធមនុស្សនោះគាត់នឹងមិនអាចចូលស្រុកគាត់បានទេហើយប្រហែលជាក្រុមជ្រុលនិយមថៃឬទាហានថៃចោទថាគាត់ក្បត់ជាតិ។”
ឯកឧត្តម កែវ រ៉េមី បន្តថា ជុំវិញបញ្ហាដែលកំពុងរសើបនេះ ក្រោយ លោក វីទីត ម៉ុនតាប៊ន ចប់អាណត្តិ ឯកឧត្តម ស្នើសូម UN កុំតែងតាំងជាតិសាសន៍ដែលមានភូមិផងរបងជាមួយជាអ្នករាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជាបន្តទៀត ព្រោះថ្ងៃណាមួយនឹងមានជម្លោះម្តងទៀតដែលធ្វើឲ្យពួកគាត់មានការលំបាក។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី មានប្រសាសន៍ជាចុងក្រោយថា ឯកឧត្តម គ្មានភាពរើសអើងទៅលើ លោក វីទីត ក្នុងការបំពេញការងារជាមួយគ្នានោះទេ តែផ្ទុយទៅវិញ ឯកឧត្តមកោតសរសើរពីចំណេះ និងការងាររបស់គាត់ដែលបានធ្វើការជាមួយគ្នាកន្លងមក។
ឯកឧត្តមបន្តដោយសង្ឃឹមថា លោក វីទីត ម៉ុនតាប៊ន នឹងទួលបានការងារកាន់តែប្រសើរក្នុងការជ្រោមជ្រែង ការពារ និងលើកស្ទួយក្នុងវិស័យសិទ្ធិមនុស្ស។ ប៉ុន្តែក៏គួរឲ្យស្តាយចំពោះធនធានមនុស្សដ៏ល្អជាច្រើននៅក្នុងប្រទេសថៃ ដែលពិបាកនឹងបញ្ចេញចំណេះបម្រើប្រជាជាតិដោយសារភាពជ្រុលនិយមងុបងល់ដោយអគតិ៕





