2025-12-12 16:27
10

ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ កំពុងតែស្ថិតក្នុងភាពតានតឹង ព្រោះយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ ទិសខេត្តព្រះវិហារ និងឧត្តរមានជ័យ គិតចាប់ពីម៉ោង ៧:០៥នាទីព្រឹក ដល់ម៉ោង ១៣:០០នាទី មិនទាន់បញ្ឈប់នៅឡើយទេ ៖ 
-  ម៉ោង ៧:៤០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត ជប់អង្គុញ និងថ្មឆត្រ។ 
-  ម៉ោង ៨:២០នាទី យោធាថៃបន្តការវាយប្រហារឈ្លានពានមកលើកម្ពុជាដោយប្រើប្រាស់រថក្រោះ អម ដោយកម្លាំងថ្មើរជើងបានបាញ់ចូលភូមិសាស្ត្រថ្មឆត្រ និងប្រាសាទតាក្របី។ 
-  ម៉ោង ៨:៤១នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត បុស្សស្បូវ-ជាំតែ។ 
-  រហូតមកដល់វេលាម៉ោង ៩:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោល ខ្លាំង នៅភូមិសាស្រ្តអានសេះ និងបន្តវាយលុកនៅភូមិសាស្ត្រថ្មដូន, ជប់អង្គុញ, ថ្មឆត្រ, ភ្នំ៣៣៣, ប្រាសាទតាក្របី និងប្រាសាទតាមាន់។ 
-  ម៉ោង ១០:១២នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនចូលភូមិសាស្ត្រភ្នំខ្មោច និងបុស្សស្បូវ-ជាំតែ។  
-  ម៉ោង ១១:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិ សាស្រ្តអានសេះ និងបានបាញ់ផ្សែងពុលយ៉ាងច្រើនសន្ធឹកសន្ធាប់។
-  រហូតមកវេលាម៉ោង ១២:០០នាទី យោធាថៃបានចាប់ផ្តើមវាយបន្ថែមប្រហារនៅភូមិសាស្ត្រតាស៊ឹម, គោល៨, ភ្នំខ្មោច និងជាំតែ ដោយបានប្រើប្រាស់កាំភ្លើងធំ, ដ្រូន, បាញ់ផ្សែងពុល និងរថក្រោះបាញ់បុក  និងបន្តវាយប្រហារនៅភូមិសាស្ត្រប្រាសាទតាក្របី, ភ្នំ៣៣៣, ជប់អង្គុញ, ថ្មដូន, ដំណាក់ស្ដេច, ប្រាសាទតាមាន់ និងជប់គគីរ។ 
-  ម៉ោង ១២:៣២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រប្រាសាទព្រះវិហារ។ 
ចំណែកឯយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់វិញ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៣:០០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានធ្វើការរុលចូលភូមិសាស្ត្រភូមិ ព្រៃចាន់ និងប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ រួមទាំងបានបាញ់ផ្សែងពុល ក្រោយមកយោធាថៃប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចូលភូមិសាស្ត្រអូរភ្លុកដំរី  និងបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
វីរកងទ័ពកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួ នាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ៕