2026-01-14 14:15
6

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីព្រមានដល់សាធារណជន ក្រោយរកឃើញមានករណីឆបោកកម្ចីតាមប្រព័ន្ធអនឡាញកំពុងកើតមានឡើងជាបន្តបន្ទាប់ តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ «ម៉ាដាម កម្ចី» ដែលបង្ហោះផ្សព្វផ្សាយអះអាងថា ផ្តល់ប្រាក់កម្ចីអនឡាញ។

តាមការបញ្ជាក់ ពេលអ្នកប្រើប្រាស់បណ្តាញសង្គមចាប់អារម្មណ៍ និងទាក់ទងតាមរយៈ Facebook Messenger ជនអនាមិកនឹងណែនាំឱ្យបន្តទំនាក់ទំនងទៅកាន់គណនី Telegram ឈ្មោះ «ម៉ាដាម អត្រាកម្ចីប្រាក់» ភ្ជាប់លេខទូរសព្ទ 011 940 695។ បន្ទាប់ពីមានការព្រមព្រៀងលើទឹកប្រាក់កម្ចីរួចហើយ ជនអនាមិកបានទាមទារឱ្យជនរងគ្រោះផ្ញើឯកសារផ្ទាល់ខ្លួនជាច្រើន រួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ រូបថតកាន់អត្តសញ្ញាណប័ណ្ណ និងរូបថតកន្លែងធ្វើការ ជាដើម។

ក្រោយមក ជនអនាមិកបានផ្ញើ QR Code ឱ្យជនរងគ្រោះស្កេន ដើម្បីវេរប្រាក់ជាថ្លៃរត់ឯកសារ ថ្លៃរដ្ឋបាល ឬថ្លៃផ្សេងៗ។ ប៉ុន្តែក្រោយពីទទួលបានប្រាក់ហើយ ជនអនាមិកនៅតែបន្តទាមទារឱ្យវេរប្រាក់ជាបន្តបន្ទាប់ រហូតដល់ពេលផ្តាច់ទំនាក់ទំនង លុបសារទាំងអស់ចោល ដោយមិនបានផ្តល់ប្រាក់កម្ចីអ្វីឡើយ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានបញ្ជាក់ថា ជនអនាមិកអាចយកឯកសារ និងរូបថតដែលជនរងគ្រោះបានផ្ញើឱ្យ ទៅប្រើប្រាស់ក្នុងការគំរាមកំហែង ឬយករូបថតមិត្តភក្តិ និងបងប្អូនរបស់ជនរងគ្រោះនៅក្នុងបណ្តាញសង្គម ទៅបង្ហោះបរិហារកេរ្តិ៍ បង្កឱ្យមានការខូចខាតដល់កិត្តិយស និងសុវត្ថិភាពផ្ទាល់ខ្លួន។

ក្នុងន័យនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មុនសម្រេចចិត្តខ្ចីប្រាក់តាមប្រព័ន្ធអនឡាញ ជាពិសេសត្រូវពិនិត្យឱ្យបានច្បាស់លាស់ថា អ្នកផ្តល់កម្ចីនោះជាស្ថាប័នស្របច្បាប់ និងមានការអនុញ្ញាតត្រឹមត្រូវ ដើម្បីជៀសវាងការខាតបង់ និងហានិភ័យនៅពេលក្រោយ៕