ព្រះសីហនុ៖ ដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលបង្ហាញដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីកាន់កាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់ នៅក្រុងព្រះសីហនុ ០១ ករណី។
ប្រតិបត្តិការនេះ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលបន្ទុកផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន (តៃវ៉ាន់) ចំនួន ០៤ នាក់ ក្នុងនោះ មានជនសង្ស័យ ០១ នាក់ បានស្លាប់ ក្នុងការបង្ក្រាបខាងលើនេះ។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន អាវុធខ្លី ០១ ដើម, រថយន្ត ០២ គ្រឿង និងវត្ថុសង្ស័យជាសារធាតុញៀន ចំនួន ០៣ ដុំ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តអនុវត្តនីតិវិធីតាមច្បាប់ ដើម្បីស៊ើបអង្កេត និងចាត់ការទៅលើជនពាក់ព័ន្ធទាំងអស់ ស្របតាមបទបញ្ញត្តិជាធរមាន៕






