2026-01-21 09:50
14

សៀមរាប៖ ករណីការកាយភ្នំនៅក្នុងភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប កំពុងក្លាយជាបញ្ហាសាធារណៈធ្ងន់ធ្ងរ ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ពាក់ព័ន្ធនឹងការប្រើប្រាស់អាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ ជាឧបករណ៍បំផ្លាញធនធានធម្មជាតិ។

ទោះបីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការកាយភ្នំនេះ មានអាជ្ញាបណ្ណ ចេញតាំងពីខែមេសា ឆ្នាំ២០២៣ ដោយអតីតរដ្ឋមន្ត្រី លោក ស៊ុយ សែម ក្នុងទម្រង់ “អាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ” ក៏ដោយ ប៉ុន្តែ សកម្មភាពដែលកំពុងកើតមានលើភ្នំខ្ទុម បង្ហាញពីសភាពការណ៍លើសពីការស្វែងរុករកធម្មតា ទៅជាការកាយទន្ទ្រានយ៉ាងធ្ងន់ធ្ងរ ដែលស្មើនឹងការបំផ្លាញភ្នំជាក់ស្តែង។

ការស្វែងរុករកតាមនិយមន័យ គួរតែជាសកម្មភាពសិក្សា វាស់វែង និងយកគំរូធម្មជាតិ ដោយមានការគ្រប់គ្រងតឹងរឹង និងផលប៉ះពាល់តិចបំផុត។ ប៉ុន្តែ ភាពជាក់ស្តែងនៅតំបន់នេះវិញ បង្ហាញថា មានការប្រើប្រាស់គ្រឿងចក្រ កាយដី កាត់ថ្ម និងបំផ្លាញសភាពភ្នំយ៉ាងទូលំទូលាយ ដែលធ្វើឲ្យសំណួរធំមួយកើតឡើងថា៖ តើនេះជាការស្វែងរុករក ឬជាការជីកយករ៉ែពេញលេញក្រោមស្លាកអាជ្ញាបណ្ណ?

កាន់តែគួរឲ្យព្រួយបារម្ភទៀត គឺការខ្វះភាពបើកចំហ និងការប្រាប់ដំណឹងជាសាធារណៈអំពីលទ្ធផលវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ការពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋាន និងវិធានការការពារបរិស្ថាន។ 

ប្រជាពលរដ្ឋនៅតំបន់ជិតខាង បានរាយការណ៍អំពីការប្រែប្រួលលំហូរទឹក ការធ្លាក់ដី និងហានិភ័យដល់ដីស្រែចម្ការ ដែលអាចប៉ះពាល់ដល់ជីវភាពយ៉ាងធ្ងន់ធ្ងរ។

សំណួរសំខាន់មួយដែលសង្គមគួរតែសួរគឺ៖ តើក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យយ៉ាងសកម្មដែរឬទេ? តើមានការអនុវត្តតាមលក្ខខណ្ឌអាជ្ញាបណ្ណ និងច្បាប់បរិស្ថានយ៉ាងតឹងរឹងដែរឬទេ? 

ឬក៏អាជ្ញាបណ្ណស្វែងរុករក កំពុងត្រូវបានប្រើជាប្រព័ន្ធ “បើកផ្លូវ” សម្រាប់ការបំផ្លាញធនធានធម្មជាតិដោយគ្មានការទទួលខុសត្រូវ?

ការអភិវឌ្ឍន៍មិនគួរមកជាមួយតម្លៃនៃការបំផ្លាញភ្នំ បាត់បង់ព្រៃឈើ និងគ្រោះថ្នាក់បរិស្ថាន។ ប្រសិនបើមិនមានការត្រួតពិនិត្យ និងការទទួលខុសត្រូវយ៉ាងតឹងរឹងទេ ករណីភ្នំខ្វាវ អាចក្លាយជាគំរូអាក្រក់មួយទៀត នៃការបំផ្លាញធនធានជាតិ ក្រោមស្លាក “ស្របច្បាប់”។

សង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ គួរតែបន្តតាមដាន និងទាមទារឱ្យមានការបង្ហាញព័ត៌មានយ៉ាងច្បាស់ ការស៊ើបអង្កេតឯករាជ្យ និងវិធានការបញ្ឈប់សកម្មភាព ដែលលើសពីសិទ្ធិស្វែងរុករក ដើម្បីការពារភ្នំ និងបរិស្ថានសម្រាប់ជំនាន់ក្រោយ៕