មន្ទីរពេទ្យយោធភូមិភាគទី៥ បានកំពុងពិនិត្យព្យាបាលវីរយុទ្ធជនដែលមួយចំនួនរងរបួសធ្ងន់ និងស្រាល ខ្លះទៀត មានបញ្ហាសុខភាពផ្លូវដង្ហើម និងខ្លះមានបញ្ហាសុខភាពទូទៅ ក្នុងអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដី ទប់ទល់អំពើឈ្លានពានពីសំណាក់កងទ័ពថៃ។
បើតាមលោកនាយកមន្ទីរពេទ្យ មានវីរយុទ្ធជនជាបន្តបន្ទាប់ ត្រូវបានបញ្ជូន ឬអញ្ជើញមកទទួលការព្យាបាល ដោយមួយចំនួនធំបានជាសះស្បើយ និងមួយចំនួនទៀតកំពុងទទួលការពិនិត្យព្យាបាល និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជម្រាបជូនវីរយុទ្ធជន នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងការគោរពស្ញប់ស្ញែងពីកងកម្លាំង និងមន្ត្រីជួរក្រោយ រួមទាំងជនរួមជាតិ ជូនចំពោះ វីរយុទ្ធជន ដែលបានតស៊ូប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ យ៉ាងអង់អាចក្លាហាន។
វត្តមាន លោកឧបនាយករដ្ឋមន្ត្រីទាំងទ្វេ បានញ៉ាំងឱ្យវីរយុទ្ធជន ដែលកំពុងសម្រាកលើគ្រែពេទ្យ ទទួលបាននូវភាពកក់ក្ដៅ និងក្ដីមោទនយ៉ាងក្រៃលែង។ ខណៈកំពុងសម្រាកសម្រាន្តលើគ្រែដែលមានទាំងអាវក្រោះ និងមួកប្រយុទ្ធមកជាមួយ និងបើទោះបីកំពុងស្ថិតក្នុងស្ថានភាពមានរបួស និងខ្លះដៃមានភ្ជាប់សេរ៉ូមក៏ដោយ វីរយុទ្ធជនយើង បានខំក្រោកម្នីម្នារ លើកដៃសំពះ គោរពគំនាប់ ថ្នាក់ដឹកនាំដែលបានមកផ្ដល់កម្លាំងចិត្ត។ ទិដ្ឋភាពនេះ បានធ្វើឱ្យបរិយាកាសក្នុងមន្ទីរពេទ្យ ពោរពេញដោយស្មារតីជាតិនិយមដ៏ខ្ពង់ខ្ពស់។
ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ឧបនាយករដ្ឋមន្ត្រីទាំងពីរ បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យយោធភូមិភាគទី៥ ដែលបានខិតខំពិនិត្យព្យាបាលជូនវីរយុទ្ធជន ប្រកបដោយវិជ្ជាជីវៈ និងស្មារតីជាតិខ្មែរតែមួយ ជាពិសេសក្នុងកាលៈទេសៈ ដែលទទួលរងអំពើឈ្លានពាន និងការគំរាមកំហែងពីសំណាក់យោធាថៃ ដែលកន្លងទៅធ្លាប់បានបង្ហោះដ្រូនយកការណ៍ពីលើមន្ទីរពេទ្យ និងប្រើយន្តហោះទម្លាក់គ្រាប់បែកមកដល់ភូមិសាស្ត្រខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ជាមួយនឹងការសួរទុក្ខ និងផ្ដល់កម្លាំងចិត្ត ជូនវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅគ្រប់បន្ទប់នៃមន្ទីរពេទ្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានផ្ដល់ថវិកាឧបត្ថម្ភជូនវីរយុទ្ធជន និងផ្ដល់ការឧបត្ថម្ភគាំទ្រជូនដល់មន្ទីរពេទ្យយុទ្ធភូមិភាគទី៥ ផងដែរ៕










