ភ្នំពេញ៖ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានសម្រេចចាត់មន្ត្រីចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកត្រាំកក់ ខេត្តតាកែវ ជាពិសេស លោក កេត ម៉ៅ អភិបាលស្រុក និងលោក សាយវណ្ណៈ អភិបាលរង បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋម្នាក់ មានឈ្មោះ ហ៊ូ សារ៉ាន ពាក់ព័ន្ធការរំលោភអំណាច និងទន្ទ្រានដីរបស់រដ្ឋ។
យោងតាមពាក្យបណ្តឹងចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ បានចោទប្រកាន់លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងលោក សាយ វណ្ណៈ អភិបាលរងស្រុក ព្រមទាំងបក្ខពួកថា បានប្រព្រឹត្តអំពើមិនប្រក្រតីជាច្រើនករណីក្នុងការអនុវត្តតួនាទីរដ្ឋបាល។
ករណីទីមួយ លោក កេត ម៉ៅ និងបក្ខពួក បានគប់គិតជាមួយឈ្មោះ ងន ហ៊ាល ដើម្បីលុបអូរដែលជាផ្លូវទឹកសាធារណៈរបស់រដ្ឋទទឹងប្រវែង ០៦ ម៉ែត្រ បណ្តោយប្រមាណ ៥០០ ម៉ែត្រ ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ករណីទីពីរ លោក កេត ម៉ៅ និង លោក សាយ វណ្ណៈ មិនបានធ្វើការទប់ស្កាត់ និងបង្ក្រាបចំពោះការគប់គិតគ្នារវាងឈ្មោះ ណឹប អង ជាមួយឈ្មោះ ជា សំអុល ស្មៀនឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានក្លែងស្នាមមេដៃរបស់ឈ្មោះ ស្វាយ សារ៉ា ព្រមទាំងបង្ខំឱ្យលោកមេភូមិចុះហត្ថលេខា ដើម្បីធ្វើការឈូសឆាយ ទន្ទ្រាន និងកាន់កាប់ដីបឹងខ្ពបត្របែក។
ករណីទីបី លោក កេត ម៉ៅ បានទន្ទ្រានយកដីបឹងត្នោតទេរជាច្រើនកន្លែងកាលពីឆ្នាំ ២០២៣-២០២៤ អំឡុងពេលលោកធ្វើជាអភិបាលស្រុកសំរោង ខេត្តតាកែវ។ ចំណែកការសាងសង់របងរំលោភចំណីបឹងស្លាគូ ដោយគ្មានច្បាប់អនុញ្ញាតរហូតដល់ជាង ៣ ០០០ម៉ែត្រ ក៏លោក កេត ម៉ៅ មិនបានចាត់មន្ត្រីឱ្យធ្វើការត្រួតពិនិត្យដែរ។
ករណីទីបួន អំឡុងពេលលោក កេត ម៉ៅ ធ្វើជាអភិបាលស្រុកសំរោង លោកបានគប់គិតជាមួយលោក ឆន វ៉ាត ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុកសំរោង ក្លែងបញ្ជីវត្តមាន និងតារាងបៀវត្ស ដើម្បីបើកប្រាក់បៀវត្សរបស់លោក ជឹម គង់ ជាធម្មតា ទោះបីជាលោកមិនបានទៅបំពេញការងារ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ធ្វើឱ្យបាត់បង់សមត្ថភាពការងារជាច្រើនឆ្នាំ។
បច្ចុប្បន្នលោក កេត ម៉ៅ ធ្វើជាអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ បានបន្តក្លែងបន្លំហត្ថលេខាលើបញ្ជីវត្តមាន និងតារាងបៀវត្ស ដើម្បីបើកប្រាក់បៀវត្សរបស់ លោក អ៊ុត សំនិត មន្ត្រី នៃការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចេញទៅរស់នៅសហរដ្ឋអាមេរិក ជិតមួយឆមាសទៅហើយ។
ក្រោយពីបានពិនិត្យខ្លឹមសារនៃពាក្យបណ្តឹងខាងលើ និងឯកសារពាក់ព័ន្ធរួចមកឃើញថា ករណីនេះ ជាការចោទប្រកាន់ពីភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ។ ដូចនេះ ដើម្បីមានមូលដ្ឋានច្បាស់លាស់រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន បានស្នើសុំគោលការណ៍ពី លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើអធិការកិច្ចពាក់ព័ន្ធនឹងពាក្យបណ្តឹខាងលើនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ហើយលោកឧបនាយករដ្ឋបានចារឯកភាពទៅសំណើរនេះ៕







