2026-01-20 18:31
12

កំពង់ចាម៖ នាថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នេះ លោក ងួន ពេជ្រ និង លោក កង ចាន់ថន ទីប្រឹក្សាក្រសួង ក្នុងនាមតំណាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមជម្រាបថា គម្រោងសាងសង់ស្ថានីយបូមទឹកព្រែកពោធិ៍ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជួយផ្គត់ផ្គង់ទឹកក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ការធ្វើស្រែបង្កើនរដូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាពិសេសការបង្កើនរដូវដាំដុះបានចាប់ពីរដងទៅបីដងក្នុងមួយឆ្នាំ។

ក្នុងឱកាសនោះ ទីប្រឹក្សា និងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងការងារថែទាំដោយបូមស្ដារភក់ដែលកកស្ទះនៅខាងមុខស្ថានីយ និងការងារជួសជុលឡើងវិញ បន្ទប់ដាក់ម៉ាស៊ីន ដែលមានទទឹង ៥ម៉ែត្រ និងបណ្ដោយ ១២ម៉ែត្រ។ ទន្ទឹមនឹងនេះ លោកក៏បានស្នើឱ្យបន្តការយកចិត្តទុកដាក់ថែទាំស្ដារភក់ជាប្រចាំ ដើម្បីកុំឱ្យកកស្ទះក្បាលបូមទឹក និងបន្តការជួសជុលសំណង់ ដោយធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ឡើងវិញឱ្យស្របទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានានូវគុណភាព សោភ័ណភាព និងប្រើប្រាស់បានយូរអង្វែង ៕