ភ្នំពេញ៖ កាសែតអន្តរជាតិល្បីឈ្មោះរបស់ជប៉ុន «Nikkei Asia» នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានចេញផ្សាយអត្ថបទមួយ ដោយដាក់ចំណងជើងធំៗថា «កម្ពុជាបង្ហាញពីក្តីកង្វល់នៃការលេបយកទឹកដី ជុំវិញការរឹបអូសយកដីពីសំណាក់ភាគីថៃ»ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងអ្នកតាមដានបញ្ហាព្រំដែនក្នុងតំបន់។
ក្នុងអត្ថបទនោះ អ្នកកាសែត Nikkei Asia លោក Ken Kobayashi បានចុះទៅយកព័ត៌មានដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា រួមមាន ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងតំបន់មួយចំនួននៅខេត្តឧត្តរមានជ័យ។ នៅទីនោះ លោកបានថតរូប និងកត់ត្រាភស្តុតាងដែលបង្ហាញថា «ភាគីថៃបានរៀបចំបោះបង្គោលរបង រាយលួសបន្លា និងដាក់កុងតឺន័រ នៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួន»។
អត្ថបទក៏បានរាយការណ៍ពីការសម្ភាសជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ដែលបានបង្ហាញការព្រួយបារម្ភអំពីការបាត់បង់ដីស្រែ ដីសួន និងតំបន់រស់នៅ ប្រសិនបើស្ថានការណ៍នេះបន្តអូសបន្លាយ។
ជាពិសេស អ្នកកាសែត Nikkei Asia បានសម្ភាសជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរាជធានីភ្នំពេញ។ ដោយលោកបានបញ្ជាក់ថា «ការចូលកាន់កាប់របស់ភាគីថៃនៅតាមតំបន់ខ្លះ គឺលើសពីខ្សែបន្ទាត់ព្រំដែនដែលថៃធ្លាប់បានទាមទារ និងជាការចូលកាន់កាប់ដោយខុសច្បាប់ ចូលយ៉ាងជ្រៅក្នុងទឹកដីរបស់កម្ពុជា»។
លោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់កាសែតជប៉ុន បន្តទៀតថា «វាគឺជារឿងមិនអាចទទួលយកបានសោះឡើយសម្រាប់ប្រជាជនកម្ពុជា» ហើយបានព្រមានថា ស្ថានការណ៍នេះអាចបង្ហាញពីហានិភ័យនៃការរលាយកិច្ចព្រមព្រៀងឈប់បាញ់ និងភាពផុយស្រួយនៃសន្តិភាពតាមព្រំដែន ដែលអាចឈានទៅរកការលេបយកទឹកដី ប្រសិនបើមិនមានដំណោះស្រាយតាមផ្លូវការទាន់ពេលវេលា។
ការចេញផ្សាយរបស់ Nikkei Asia ត្រូវបានចាត់ទុកថា ជាការលើកយកបញ្ហាព្រំដែន កម្ពុជា-ថៃ ឡើងមកដាក់នៅលើឆាកអន្តរជាតិ ជាថ្មីម្តងទៀត ខណៈដែលភាគីពាក់ព័ន្ធកំពុងត្រូវប្រឈមមុខនឹងការទាមទារឱ្យដោះស្រាយវិវាទតាមវិធានការសន្តិភាព និងគោរពច្បាប់អន្តរជាតិ ដើម្បីរក្សាស្ថិរភាព និងសន្តិភាពយូរអង្វែងនៅតំបន់ព្រំដែន៕







