2026-01-20 15:49
70

មណ្ឌលគិរី៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ កន្លងមក លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រគល់សត្វខ្លាដំបង ចំនួន ០២ ក្បាល ឱ្យទៅមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដើម្បីបន្តថែរក្សា គ្រប់គ្រង និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា បានសម្ដែងការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមការពារ និងអភិរក្សសត្វព្រៃ ដែលជាផ្នែកសំខាន់នៃប្រព័ន្ធអេកូឡូស៊ី និងជាមរតកធម្មជាតិដ៏មានតម្លៃ សម្រាប់ជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដោយមិនចាប់ មិនចិញ្ចឹម មិនជួញដូរ និងមិនបំផ្លាញសត្វព្រៃគ្រប់ប្រភេទ ព្រោះធនធានធម្មជាតិ គឺជាសម្បត្តិរួមរបស់ជាតិ ដែលយើងទាំងអស់គ្នាត្រូវស្រឡាញ់ ថែរក្សា និងអភិរក្សឲ្យបានគង់វង្ស។

បច្ចុប្បន្ន សត្វខ្លាដំបង ត្រូវបានអង្គការ IUCN ចាត់ថ្នាក់ថា ជា «សត្វស្ថិតក្នុងហានិភ័យ - Vulnerable»។ នៅកម្ពុជា ចំនួនសត្វខ្លាដំបងមិនមានទិន្នន័យច្បាស់លាស់ ប៉ុន្តែ ត្រូវបានវាយតម្លៃថា មានចំនួនតិច និងបន្តធ្លាក់ចុះស្ទើរតែផុតពូជ។

យោងតាមទិន្នន័យជាសកលពីអង្គការអន្តរជាតិ បានវាយតម្លៃថា សត្វខ្លាដំបង មានចំនួនប្រមាណ ៣,៧០០ - ៥,៥៨០ ក្បាល ប៉ុណ្ណោះ នៅលើពិភពលោក៕