ភ្នំពេញ៖ កាសែតអន្តរជាតិ Nikkei Asia បានចេញផ្សាយអត្ថបទមួយក្រោមចំណងជើង “Airstrikes lay bare Thailand's tactics and Cambodia's vulnerabilities” ដោយលើកឡើងអំពីការប្រើប្រាស់ការវាយប្រហារតាមអាកាសរបស់ភាគីថៃ និងការបង្ហាញច្បាស់ពីចំណុចខ្សោយផ្នែកការពារជាតិ និងសន្តិសុខរបស់កម្ពុជា ក្នុងស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
អត្ថបទបានរាយការណ៍ថា ការវាយប្រហារតាមអាកាស និងការប្រើប្រាស់សមត្ថភាពយោធាសម័យទំនើបរបស់ថៃ បានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាយោធាដែលមានភាពទំនើប ខណៈកម្ពុជាត្រូវបានគេមើលឃើញថា នៅមានចំណុចខ្សោយមួយចំនួនទាំងផ្នែកការពារអាកាស សមត្ថភាពតាមដានព័ត៌មាន និងការឆ្លើយតបយោធាផ្ទាល់។
កាសែត Nikkei បានវិភាគថា ស្ថានការណ៍នេះ មិនត្រឹមតែបង្ហាញពីភាពមិនស្មើគ្នានៃសមត្ថភាពយោធារវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីហានិភ័យនៃការកើនឡើងជម្លោះយោធា ដែលអាចប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ានទាំងមូល។
អត្ថបទក៏បានលើកឡើងថា សហគមន៍អន្តរជាតិ និងប្រទេសជាសមាជិកអាស៊ាន កំពុងតាមដានយ៉ាងជិតស្និទ្ធចំពោះការវិវត្តន៍នៃស្ថានការណ៍នេះ ហើយបានអំពាវនាវឲ្យភាគីទាំងពីរ ដោះស្រាយបញ្ហាតាមវិធីសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិ និងគោលការណ៍មូលដ្ឋាននៃអាស៊ាន។
កាសែត Nikkei បញ្ចប់ថា ស្ថានការណ៍តានតឹងនៅតាមព្រំដែន កម្ពុជា-ថៃ គឺជាការព្រមានមួយដល់ប្រទេសក្នុងតំបន់ អំពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពការពារជាតិ ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការរក្សាសន្តិភាពជាអាទិភាពសម្រាប់អនាគត៕




