2026-01-27 14:29
12

ថៃ៖ បើទោះបីជាពេលនេះ ប្រទេសថៃកំពុងមមាញឹក ក្នុងការត្រៀមរៀបចំបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ដើម្បីជាក្បាលម៉ាស៊ីនបន្តដឹកនាំប្រទេសខ្លួនយ៉ាងណាក្ដី ប៉ុន្តែថ្មីៗនេះ គេសង្កេតឃើញថា ប្រទេសដែលមានព្រំដែនជាប់ជាមួយកម្ពុជានេះ នៅតែបន្តចោទប្រកាន់ និងបង្កើតសាច់រឿងមិនពិតថ្មីៗមួយចំនួនក្នុងការទម្លាក់ និងលាបពណ៌មកលើកម្ពុជាមិនឈប់ឈរដដែល។

យ៉ាងណាមិញក្រោយបាត់មុខពីការគ្រប់គ្រងយោធាថៃមួយរយៈធំ អតីតមេបញ្ជាការភូមិភាគទី២ លោក ប៊ុនស៊ីន ផាដក្លាង បានផ្ដល់បទសម្ភាសន៍មួយ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដោយអតីតមេបញ្ជាការទី២រូបនេះ បាននិយាយទម្លាក់បន្ទុកទាំងស្រុងមកលើកម្ពុជាថា ព្រំដែនថៃ-កម្ពុជា នៅតែស្ថិតក្រោមបទឈប់បាញ់ ទោះបីជាការញុះញង់នៅតែអាចកើតឡើង ដែលជារឿយៗត្រូវបានផ្តួចផ្តើមឡើងដោយទាហានកម្ពុជាក៏ដោយ។

ការលើកឡើងដោយគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ពី អតីតមេបញ្ជាការភូមិភាគទី២ថៃរូបនេះ ធ្វើឡើងស្របពេលដែល កងទ័ពជើងទឹកថៃបាននិយាយចោទកម្ពុជាក្ដែងៗថា កងទ័ពកម្ពុជាបានជីកលេណដ្ឋាននៅជិតព្រំដែនត្រាត ដោយដាក់កងកម្លាំងនៅចម្ងាយប្រហែល ៥០០ ម៉ែត្រពីកងទ័ពថៃប៉ុណ្ណោះ។

យ៉ាងណាវិញ ជុំវិញការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ពីយោធាថៃ មកលើកងទ័ពកម្ពុជាទាំងមិនរអៀសខ្លួនបែបនេះ ខាងភាគីកម្ពុជានៅមិនទាន់មានការឆ្លើយតបនោះទេ។ ប៉ុន្តែកម្ពុជាបានប្រកាសជំហរយ៉ាងមុតមាំរួចហើយ ក្នុងការមិនបំពានទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាងណាមួយឡើយ។ កម្ពុជានៅតែប្រកាន់ជំហរគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្សេងៗទៀតជាមួយភាគីថៃយ៉ាងខ្ជាប់ខ្ជួន៕