វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទនេះថា លោកកំពុងដំឡើងពន្ធលើការនាំចូលរបស់កូរ៉េខាងត្បូង ទៅកាន់សហរដ្ឋអាមេរិក ទាក់ទងនឹងរថយន្ត ឈើ និងឱសថដល់ទៅ ២៥% ដែលលោកបានរិះគន់សភារបស់កូរ៉េខាងត្បូងចំពោះការបរាជ័យ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។
តាមការចេញផ្សាយពី Reuter នៅថ្ងៃទី២៧ ខែមករានេះ ប្រធានាធិបតីមហាអំណាចរបស់សហរដ្ឋអាមេរិក បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់លោក ក្នុងការរិះគន់ និងបង្ហាញពីការមិនពេញចិត្តចំពោះសភារបស់ប្រទេសកូរ៉េខាងត្បូង ដែលរឹងទទឹងមិនព្រមធ្វើតាមកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
លោក ត្រាំ បានបញ្ជាក់ថា ដោយសារតែនីតិបញ្ញត្តិកូរ៉េខាងត្បូង មិនបានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនបានត្រឹមត្រូវ ដូច្នេះលោកសម្រេចបង្កើនពន្ធរបស់កូរ៉េខាងត្បូងលើរថយន្ត ឈើ ឱសថ និងពន្ធគយផ្សេងទៀតទាំងអស់ពី 15% ទៅ 25% វិញ។
ជុំវិញការសម្រេចចិត្តរបស់ លោក ត្រាំ ក្នុងការប្រកាសតំឡើងពន្ធភ្លាមៗលើកូរ៉េខាងត្បូងនេះ គេនៅមិនទាន់ដឹងច្បាស់ថា នឹងចូលជាធរមាននៅថ្ងៃណានោះទេ។
ប៉ុន្តែ យោងតាមការឲ្យដឹងពីសេតវិមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីឧស្សាហកម្ម លោក Kim Jung-kwan នឹងធ្វើទស្សនកិច្ចទៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករាខាងមុខ ដើម្បីជួបជាមួយលេខាធិការពាណិជ្ជកម្ម លោក Howard Lutnick ដើម្បីពីភាក្សាពីពន្ធគយដែល លោក ត្រាំ បានប្រកាសតំឡើងនេះ៕




