2026-01-27 11:35
14

ថៃ៖ ក្រសួងសុខាភិបាលថៃបាននិយាយកាលពីថ្ងៃចន្ទថា សត្វប្រចៀវថៃមួយចំនួន ត្រូវបានរកឃើញថាមានផ្ទុកមេរោគ Nipah ដ៏ខ្លាំងក្លា ហើយអ្វីដែលរឹតតែគ្រោះថ្នាក់ជាងនេះទៀតនោះ គឺការឆ្លងមេរោគដ៏កាចសាហាវនេះពីមនុស្សដែលមានផ្ទុកមេរោគពីប្រទេសដែលមានការផ្ទុះឡើងនៃជំងឺ Nipah ។ នេះបើតាម Bangkok Post។

លោកវេជ្ជបណ្ឌិត សោភ័ណ អ៊ីមស៊ីរីថាវន អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសុខាភិបាលថៃ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងពី មេរោគ Nipah ដ៏កាចសាហាវនេះ ជាពិសេសនៅក្នុងប្រទេសបង់ក្លាដែស និងរដ្ឋ West Bengal ក្នុងប្រទេសឥណ្ឌាតែម្ដង។

វេជ្ជបណ្ឌិតខាងលើបន្តថា ខណៈនេះអាជ្ញាធរថៃកំពុងរៀបចំទប់ស្កាត់ការផ្ទុះឡើងនៃវីរុស Nipah ដោយដាក់ការហាមឃាត់កសិដ្ឋានចិញ្ចឹមជ្រូកពីតំបន់ដែលមានសត្វប្រចៀវច្រើន។ ហើយនេះជាវិធីសាស្រ្តដែលអាចរារាំងសត្វប្រចៀវ មិនឲ្យចម្លងវីរុស Nipah តាមរយៈសត្វជ្រូកទៅមនុស្សបាន។ 

លើសពីនេះ អាជ្ញាធរថៃ ក៏បានធ្វើការឃ្លាំមើលជាចាំបាច់ ចំពោះភ្ញៀវទេសចរណ៍ ឬអ្នកដំណើរដែលមកពីប្រទេសកំពុងឆ្លងជំងឺ Nipah នេះ ដោយប្រសិនជាអ្នកដំណើរណាមួយដែលមានអាការៈគ្រុនក្តៅ ឬបង្ហាញរោគសញ្ញាផ្លូវដង្ហើមមិនប្រក្រតី ត្រូវធ្វើការទប់ស្កាត់ និងត្រួតពិនិត្យភ្លាមៗតែម្ដង។

លោកវេជ្ជបណ្ឌិត Jurai Wongsawat អ្នកនាំពាក្យនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបានមានប្រសាសន៍ថា មានវីរុស Nipah ប្រភេទនៅប្រទេសបង់ក្លាដែស និងម៉ាឡេស៊ី។ ហើយប្រភេទវីរុសនៅប្រទេសបង់ក្លាដែសមានគ្រោះថ្នាក់ជាង និងអត្រាមរណភាពខ្ពស់ជាងនៅម៉ាឡេស៊ី។ 

លោកបន្តថា ជំងឺវីរុស Nipah នេះមិនមែនជារឿងលេងសើចទេ វាគួរតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រោះវីរុសនេះនឹងបណ្តាលឱ្យមានការរលាកសួតកម្រិតធ្ងន់ធ្ងរ ហើយមិនមានវ៉ាក់សាំង ឬថ្នាំដើម្បីព្យាបាលវាបានឡើយ៕