2023-11-27 04:11
642

ទុរេនជាផ្លែឈើមានជាតិស្ករ និងកាឡូរីខ្ពស់ដែលអាចបណ្ដាលឱ្យឈឺបំពង់ក ព្រមទាំងឡើងទម្ងន់បានយ៉ាងងាយផងដែរ។ ប៉ុន្តែបើទោះជាមានជាតិស្ករខ្ពស់យ៉ាងណា ក៏ពេលខ្លះយើងមិនអាចទប់ចិត្តមិនញ៉ាំបានដែរ។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកប៉ុន្មានខាងក្រោមក្នុងការញ៉ាំទុរេនកុំឱ្យឡើងទម្ងន់ និងមានសុខភាពល្អ៖

 ១. យើងមិនគួរជ្រើសរើសទុរេនដែលទុំពេកនោះទេដោយសារវាមានជាតិស្ករខ្ពស់។

 ២. យើងមិនគួរញ៉ាំវាលើសពី ២ គ្រាប់ក្នុងមួយថ្ងៃ និងញឹកញាប់ឡើយព្រោះវាអាចបណ្ដាលឱ្យឈឺបំពង់ក ក្រហាយទ្រូង និងលើសទម្ងន់។

 ៣. យើងគួរជៀសវាងការញ៉ាំទុរេនជាមួយខ្ទិះដូងព្រោះជាតិស្ករក្នុងទុរេន អង្ករដំណើប និងជាតិខ្លាញ់ក្នុងខ្ទិះដូងអាចធ្វើឱ្យធាត់ និងក្ដៅក្នុងក្រពះផងដែរ។ ជាមួយគ្នានេះ យើងគួរកាត់បន្ថយអាហារមានជាតិម្សៅ ប្រសិនបើយើងញ៉ាំបង្អែមធ្វើពីផ្លែទុរេន។

 ៤. ដោយយោងតាមព័ត៌មានពីនាយកដ្ឋានឱសថបុរាណនៃប្រទេសថៃបានបង្ហាញយើងអាចញ៉ាំទុរេនជាមួយផ្លែមង្ឃុតបាន។ ដោយសារមង្ឃុតជាផ្លែឈើដែលមានធាតុត្រជាក់អាចជួយទប់ទល់នឹងកម្ដៅដែលបណ្ដាលមកពីការញ៉ាំទុរេន ហើយវាក៏មានជាតិសរសៃខ្ពស់ សារធាតុប្រឆាំងការរលាក បញ្ចុះកម្ដៅ និងមានជាតិទឹកខ្ពស់ផងដែរ។

 ៥. អ្វីដែលយើងចាំនោះគឺមិនត្រូវផឹកគ្រឿងស្រវឹង ទឹកដោះគោ កាហ្វេ និងភេសជ្ជៈផ្អែមក្រោយញ៉ាំទុរេនឡើយព្រោះវាអាចធ្វើឱ្យរាគ ក្អួត ឬឈានដល់ពុលតែម្ដង៕